បាត់ដំបង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ដល់មេបញ្ជាការកងរាជអាវុធហត្ថទើបតែតែងតាំងថ្មីនៅខេត្តបាត់ដំបង ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយទុក្ខលំបាកដល់មន្ត្រីថ្នាក់ក្រោម, ត្រូវតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា និងត្រូវគោរពតាមវិជ្ជាជីវៈកងរាជអាវុធហត្ថ ហើយប្រសិនបើការអនុវត្តការងារពុំបានល្អទេ នឹងត្រូវបញ្ចប់តួនាទីមុនអាណត្តិ ៥ឆ្នាំស្របទៅតាមច្បាប់ជាក់ជាមិនខាននោះឡើយ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ក្នុងនាមជាមេបញ្ជាការមួយរូប គប្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលដល់កូនចៅរបស់ខ្លួន ត្រូវធ្វើឲ្យអង្គភាពមានសណ្តាប់ធ្នាប់, កងទ័ពមានវិន័យល្អ, ផ្ទៃក្នុងមានសាមគ្គីឯកភាព, មានស្មារតីឆន្ទៈមនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់តួនាទីភារកិច្ច, គោរពច្បាប់វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ និងសហការសម្រេចភារកិច្ចជាដើម។ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ត្រូវក្តាប់ឲ្យជាប់នឹងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវទិសស្លោកទាំង៤ ដូចជា៖ ១-ចំពោះប្រទេសជាតិត្រូវតែការពារ, ២-ចំពោះប្រជាត្រូវតែបម្រើ, ៣-ច្បាប់ត្រូវតែគោរព និងទី៤ បទល្មើសត្រូវតែបង្ក្រាប។
នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ទៀតថា បុគ្គលិកគឺមានចំនួនដដែល ថវិកាក៏មានចំនួនដដែល ឱកាសគឺ ៥ឆ្នាំ បើធ្វើបានល្អ បន្ថែម ៥ឆ្នាំបន្ត ប៉ុន្តែរយៈពេល ២ឆ្នាំកន្លះនឹងត្រូវធ្វើការត្រួតពិនិត្យ-វាយតម្លៃ បើគ្មានការវិវឌ្ឍជឿនលឿនថ្មី តាមការចង្អុលបង្ហាញដូចដែលបានរៀបរាប់ខាងលើទេ ត្រូវធ្វើការពិនិត្យ-វាយតម្លៃ ដើម្បីផ្លាស់ប្តូរ រកអ្នកមានសមត្ថភាព និងលក្ខណៈសម្បត្តិ ដូចបានលើកឡើងខាងលើ។ ក្នុងការអនុវត្តតួនាទី ភារកិច្ច ត្រូវប្រកាន់ខ្ជាប់ការគោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស រីឯការអនុវត្តតួនាទី ភារកិច្ចផ្នែកនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់លើផ្នែកនីតិវិធី។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ជួយតាមដានការអនុវត្តន៍តួនាទីភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថផ្តល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាងកងរាជអាវុធហត្ថមួយឱ្យក្លាយទៅជាកម្លាំងរបស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិផងដែរ។ សូមបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថចាស់ ត្រូវបានផ្លាស់ប្តូរមុខតំណែងទៅជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ខណៈលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការកងរាជអាវុធហត្ថថ្មីនៅខេត្តបាត់ដំបង៕ អត្ថបទ៖ បាន ចក់




