មណ្ឌលគិរី៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ឈឹម កាន ប្រធានស.ស.យ.ក.ខេត្តមណ្ឌលគិរី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក.ខេត្ត បានអញ្ជើញជួបសំណាលសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម័ន្ធ ស.ស.យ.ក. ខេត្តមណ្ឌលគិរីប្រមាណ ២០០នាក់នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរីនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តម ឈឹម កាន ប្រធាន ស.ស.យ.ក.ខេត្តមណ្ឌលគិរី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងរាយការណ៍បង្ហាញពីសកម្មភាពដែលសម្រេចបានកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តមណ្ឌលគិរីប្រកបដោយឆន្ទៈ និងស្មារតី ជាពិសេសលើការងាររួមចំណែកជួយសង្គមជាតិ ដោយចូលរួមសម្របសម្រួលការចាក់វ៉ាក់សាំង សម្របសម្រួលដល់ប្អូនៗប្រលងបាក់ឌុប យុទ្ធនាការពលរដ្ឋល្អ និងការងារស្ម័គ្រចិត្ត រួមទាំងមនុស្សធម៌ជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗរបស់ ស. ស.យ.ក. ខេត្ត ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តផ្ទាល់ដែលបានយកចិត្តទុកដាក់ ចូលរួមកសាង និងអភិវឌ្ឍខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ «យុវជនស.ស.យ.ក. ខេត្តមណ្ឌលគិរី បានចូលរួមចំណែក និងក្លាយជាចលករយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការលើកកម្ពស់ ស្តារ កសាង និងអភិវឌ្ឍជាតិ។ ជាពិសេស អ្វីដែលជាតឹកតាងដែលបញ្ជាក់ជាក់ស្តែងនោះគឺការចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយមិនខ្លាចនឿយហត់ ឬហានិភ័យផ្ទាល់ខ្លួន។»
នាឱកាសនៃពិធីជួបសំណេះសំណាលនេះ ឯកឧត្តមហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស.ស.យ.ក. ខេត្តមណ្ឌលគិរី ដែលតែងតែយកចិត្តទុកដាក់ លះបង់ដើម្បីកិច្ចការងារសង្គមជាតិ ដោយចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយ វិស័យនានា អោយកាន់តែមានការទទួលស្គាល់បន្ថែមទៀត។ ឯកឧត្តមបានបន្ថែមដែរថា តាំងពី សហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់កំណើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨មក ក្រុមគ្រួសារ ស.ស.យ.ក. នៅតែបន្តស្មារតី ២ធ្នូ មកដល់បច្ចុប្បន្ន ដោយការហ៊ានលះបង់ និងការដាក់ផលប្រយោជន៍បុគ្គលទុកមួយឡែក ហើយមករួបរួមគ្នាជាធ្លុងមួយដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ឯកសណ្ឋាន ស.ស.យ.ក. មិនត្រឹមតែស្រស់ស្អាត និងតំណាងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែផ្សារភ្ជាប់ជាមួយអត្ថន័យការងារសង្គម និងការងារមនុស្សធម៌។
ឯកឧត្តម ក៏បានចែករំលែកនូវពុទ្ធិដោយបានលើកឡើងថា ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រ ដុសខាត់ជាប្រចាំ។ ទោះបីជាយ៉ាងនេះក្តី ចំណេះដឹងតែមួយមុខមិនមែនជាកត្តាកំណត់ភាពជោគជ័យ ឬភាពជាអ្នកដឹកនាំល្អនោះទេ។ អ្វីដែលសំខាន់នោះគឺ ការដែលចេះប្រើប្រាស់ចំណេះ ជំនាញ និងបទពិសោធន៏ការងារមិនថាស្ម័គ្រចិត្ត ឬការងារប្រចាំថ្ងៃ ឲ្យសមស្របតាមកាលៈទេសៈ និងស្របតាមផែនការគោលដៅដែលសំដៅឆ្ពោះទៅផ្សាភ្ជាប់ជាមួយគ្នានេះ យើងអាចនិយាយបានថា ស.ស.យ.ក. បានក្លាយជាវេទិកាមួយដែលមិនត្រឹមតែសម្រាប់ការដុសខាត់ និងអភិវឌ្ឍសមត្ថភាពសមាជិក សមាជិកាម្នាក់ៗនោះទេ តែក៏ជាវេទិកាសម្រាប់ការបង្ហាញសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងភាពជោគជ័យទៅថ្ងៃអនាគតរៀងៗខ្លួនផងដែរ។ តមកនៅថ្ងៃដដែលនេះឯកឧត្តម ហ៊ុន ម៉ានី ក៏បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យផងដែរ៕ អត្ថបទ៖ រដ្ឋា




