មណ្ឌលគិរី : ក្នុងបេសកកម្មទូទាំងប្រទេសរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានធ្វើដំណើរមកដល់ខេត្តមណ្ឌលគិរី និងបានជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តមណ្ឌលគិរី, នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។
ក្នុងពិធីជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តមណ្ឌលគិរី មានការចូលរួមពីសំណាក់ ឯកឧត្តម ថង សាវុន ប្រធានគណៈចលនាមហាជនខេត្តមណ្ឌលគិរី អគ្គលេខាធិការរងគណៈចលនាមហាជន និងសមាជិក សមាជិកាគណៈចលនាមហាជនជាច្រើនរូបទៀត។
ថ្លែងក្នុងវេទិកាដ៏សំខាន់នៅថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ បានរំលឹកពីជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី ដែលទាំងនោះសុទ្ធតែស្តែងចេញមកពីភាពសកម្មនៃការបម្រើប្រជាជន និងការលះបង់ទាំងកម្លាំងកាយចិត្ត និងធនធានដើម្បីធ្វើយ៉ាងធានាបាននូវឱកាសបម្រើជាតិ និងប្រជាជនជាបន្តតាមរយៈការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងលទ្ធផលនៃការបោះឆ្នោតកន្លងមក។ បន្ថែមលើភាពជោគជ័យទាំងអស់នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តមោទកភាពចំពោះប្រទេសជាតិ ដោយបានលើកឡើងថា «សាកលលោកបានស្គាល់សមត្ថភាពកម្ពុជា ក្នុងការគ្រប់គ្រងកូវីដ-១៩ រួចមកហើយ តែថ្មីៗនេះ កម្ពុជា បានបង្ហាញសក្តានុពលបន្ថែមទៀត តាមរយៈការធ្វើជាម្ចាស់ផ្ទះវេទិការអន្តរជាតិជាច្រើនជាបន្តបន្ទាប់។ ជោគជ័យទាំងអស់នេះ ពិតណាស់សុទ្ធតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ៗទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ទាំងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងការបង្ហាញកិត្យានុភាពជាតិជាបន្តបន្ទាប់។ ឯកឧត្តមផ្ទាល់ ពិតជាមានមោទកភាពកាន់តែខ្លាំង ចំពោះប្រជាជាតិកម្ពុជា។
សូមរំលឹកផងដែរថា ដ្បិតថា ថ្ងៃនេះជាលើកទី១ ដែលឯកឧត្តម អគ្គលេខាធិការ បានជួបជាមួយរចនាសម្ព័ន្ធទ្រង់ទ្រាយធំក្នុងខេត្តមណ្ឌលគិរី តែការចុះជួបជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនតាមបណ្តារាជធានី-ខេត្ត គឺជាបេសកកម្មដែលឯកឧត្តម ហ៊ុន ម៉ានី និងប្រតិភូ នឹងត្រូវធ្វើទូទាំងប្រទេស៕អត្ថបទ រដ្ឋា









