
អន្ដរជាតិ៖ ការប៉ះទង្គិចគ្នាថ្មី បានផ្ទុះឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ រវាងក្រុមនគរបាល និងសមាជិកសហគមន៍ជនជាតិឃើដ ដែលខឹងសម្បារ ចំពោះការសម្លាប់សមាជិក ០៣នាក់ របស់ពួកគេ កាលពីថ្ងៃសុក្រ។
រថយន្តជាច្រើនគ្រឿង ត្រូវបានលើកក្រឡាប់ និងការដុតភ្លើង បានកើតមាននៅលើទីលានចតុរង្គសាធារណៈ ជាកន្លែងសម្រាប់ធ្វើបាតុកម្មនៅក្នុងទីក្រុងប៉ារីស និងជាកន្លែងដែលក្រុមឃើដ បានធ្វើបាតុកម្មដោយស្ងប់ស្ងាត់កាលពីថ្ងៃសុក្រ។
ការប៉ះទង្គិចគ្នា បានកើតឡើង ពេលដែលក្រុមបាតុករមួយចំនួន ចាកចេញពីទីលានចតុរង្គ ចោលវត្ថុរឹងទៅលើក្រុមនគរបាល ដែលឆ្លើតតបវិញជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ស្លាប់ជនជាតិឃើដនៅមជ្ឈមណ្ឌលវប្បធម៌ឃើដ និងនៅហាងកាហ្វេក្បែរនោះកាលពីថ្ងៃសុក្រ ស្ថិតក្នុងសង្កាត់ទី១០ ទីក្រុងប៉ារីស ធ្វើឲ្យសហគមន៍ឃើដមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលពួកគេ ត្រៀមរៀបចំពិធីរំឭកខួបលើកទី ១០នៃឃាតកម្មលើសកម្មជន 0៣នាក់។
ក្រុមនគរបាល បានចាប់ខ្លួនបុរសវ័យ ៦៩ឆ្នាំម្នាក់ ដែលក្រុមអាជ្ញាធរនិយាយថា ទើបត្រូវបានដោះលែងពីការឃុំឃាំង ខណៈរង់ចាំការកាត់ទោសសម្រាប់ការវាយប្រហារដោយដាវទៅលើជំរំជនភៀសខ្លួននៅទីក្រុងប៉ារីស កាលពីរយៈពេល ១ឆ្នាំមុន។
ការិយាល័យរដ្ឋអាជ្ញានិយាយនៅថ្ងៃសៅរ៍ថា បន្ទាប់ពីសួរចម្លើយជនសង្ស័យ ក្រុមស៊ើបអង្កេតបញ្ជាក់ថា មូលហេតុប្រកាន់ជាតិសាសន៍ អាចជាដើមចមនាំឲ្យមានករណីឃាតកម្ម និងអំពើហិង្សាអាវុធនេះឡើង។
បន្ទាប់ពីក្រុមសហគមន៍ឃើដប៉ះទង្គិចគ្នាជាមួយក្រុមនគរបាល កាលពីរសៀលថ្ងៃសុក្រ ក្រុមប្រឹក្សាប្រជាធិបតេយ្យឃើដនៅប្រទេសបារាំង បានរៀបចំឲ្យមានការជួបជុំគ្នានៅទីលានចតុរង្គសាធារណៈនៅថ្ងៃសៅរ៍។ ក្រុមបាតុករឃើដរាប់រយនាក់ ត្រូវបានចូលរួមដោយអ្នកនយោបាយជាច្រើននាក់ រួមទាំងចៅសង្កាត់ទី ១០ផងដែរ៕


