
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះអប់រំណែនាំដល់អាជីវករលក់ដូរនៅជុំវិញផ្សារនាគមាស ដើលបានរំលោភបំពានលើចិញ្ចឹមផ្លូវលើសពី ១ភាគ៣ ដែលបង្កការកកស្ទះដល់អ្នកធ្វើដំណើរ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរទាំងអស់នៅជុំវិញផ្សារនាគមាស ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣៩ ផ្លូវលេខ២៣៤ និងផ្លូវលេខ២៣១ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា ថ្ងៃនេះអាជ្ញាធរចុះមកអប់រំណែនាំដល់អាជីវករឲ្យលក់ដូរត្រឹមត្រូវតាមការកំណត់មួយ ដែលរក្សាសណ្ដាប់ធ្នាប់ផ្លូវឲ្យពលរដ្ឋចេញចូលបាន ជៀសវាងការកកស្ទះ។ បន្ទាប់ពីថ្ងៃនេះទៅបើបងប្អូនអាជីវករលក់ដូរទាំងអស់មិនចូលរួមសហការជាមួយអាជ្ញាធរ កម្លាំងសណ្ដាប់ធ្នាប់នឹងចុះរៀបចំ លើកសម្ភារៈលក់ដូរយកទៅរក្សាទុកសាលាខណ្ឌ និងធ្វើការផាកពិន័យតាមនីតិវិធី។
ជាចុងក្រោយលោកអភិបាលខណ្ឌសំណូមពរដល់អាជីវករលក់បន្លែ ផ្លែឈើ ជុំវិញផ្សារនាគមាសទាំងអស់គ្នាត្រូវតែចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ចើមផ្លូវ រក្សាសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានឲ្យបានល្អ៕ អត្ថបទ៖ កុម្ភៈ








