
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូស្អែកនេះ ផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ផ្លូវជាតិលេខ៤ ពីថ្នល់ទទឹង ខេត្តកណ្ដាល ដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត នឹងត្រូវបើកការដ្ឋានសាងសង់ថ្មី ជាប្រភេទផ្លូវបេតុងកៅស៊ូ ដែលហៅថា ផ្លូវAC និងពង្រីកទទឹងដល់១២ម៉ែត្រ ដែលពិធីបើការដ្ឋានសាងសង់នេះនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជានាមិតចិន ប្រចាំនៅកម្ពុជា។
គម្រោងសាងសង់ផ្លូវជាតិលេខ៤១ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្តាល ទៅដល់ស្រុកជុំគីរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ខេត្តកំពត នឹងត្រូវសាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ទៅតាមតាមស្តង់ដារកម្រិត២។
គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យរួមមាន ពង្រីកស្ពានចាស់ ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន ៤០ខែ និងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
ផ្លូវជាតិលេខ៤១ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលតភ្ជាប់ និងឆ្លងកាត់ខេត្តចំនួន០៤ រួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្ដរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភ័ស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល ដំណាំស្រូវ និងផ្លែឈើ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
បន្ថែមពីលើនេះ ផ្លូវជាតិលេខ៤១នេះ ក៏នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិផងដែរ។ ខ្សែផ្លូវនេះក៏នឹងជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀត។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤១នេះ បានសាងសង់ម្តងរួចមកហើយ កាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ ដែលហៅថា ផ្លូវ DBST មានទទឹងតួផ្លូវ ៧ម៉ែត្រ ដល់១១ម៉ែត្រ ដែលជាទូទៅប្រភេទផ្លូវនេះ មានអាយុកាលជាមធ្យមពី០៥ឆ្នាំ ទៅ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ដោយសារផ្លូវនេះ ជាខ្សែផ្លូវសំខាន់មួយតភ្ជាប់ទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងតំបន់សំខាន់ៗមួយចំនួន ដែលធ្វើឱ្យទំហំចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើងជាគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គួបផ្សំនឹងស្ថានភាពផ្លូវមានកម្រិតទាប និងតែងតែទទួលរងការខូចខាត និងទ្រុឌទ្រោមដោយជំនន់ទឹកភ្លៀងនៅរៀងរាល់រដូវវស្សា និងគ្រោះធម្មជាតិ ទើបរាជរដ្ឋាភិបាលសម្រេចធ្វើការសាងសង់ពង្រីក និងលើកកម្រិតគុណភាពឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

