ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសឱ្យដឹងពីការដាក់ឱ្យដំណើរការលក់ស្បៀងអហារតាមអនឡាញ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់អាចបញ្ជាទិញស្បៀងអាហារពីចម្ងាយបាន។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម បាននិយាយថា ក្រសួងដាក់ឱ្យដំណើរការផ្សាអនឡាញសម្រាប់លក់គ្រឿងឧបភោគបរិភោគចាំបាច់អំឡុងពេលដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ស្ថិតនៅក្រោមវិធានការបិទខ្ទប់។
ក្រសួងបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ទាំង២នេះ អាចបញ្ជាទិញស្បៀងអាហារតាមរយៈ shop.moc.gov.kh ឬក៏ស្គែន QR Code ក៏បានដែរ។
ក្រសួងពាណិជ្ជកម្មបានសម្រេចដាក់ឱ្យដំណើរការផ្សារអនឡាញបែបនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងមួយនេះឱ្យសម្របសម្រួលការដឹកជញ្ជូន និងការលក់ស្បៀងអាហារទៅដល់ពលរដ្ឋនៅក្នុងតំបន់ស្ថិតក្រោមវិធានការបិទខ្ទប់៕
