គុនខ្មែរ៖ អ្នកលេងគុនខ្មែរ ធឿន ធារ៉ា ធ្វើឲ្យកក្រើកប្រទេសថៃ ក្រោយផ្ដួលកីឡាករលំដាប់កំពូលថៃ Saiyok Pumphanmuang ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១ ដើម្បីគ្រងខ្សែក្រវាត់ និងពានរង្វាន់របស់ព្រះមហាក្សត្រថៃនៃព្រឹត្តិការណ៍ Thai Fight 100 Years Nakhon Ban កាលពីរាត្រីថ្ងៃទី២៤ ខែធ្នូកន្លងទៅ។
គូពិសេសប្រភេទទម្ងន់ ៧២គីឡូក្រាមកន្លះនេះ ធឿន ធារ៉ា ប្រើពេលប្រមាណ ១នាទីកន្លះប៉ុណ្ណោះដើម្បីយកឈ្នះកីឡាករជើងខ្លាំងថៃ Saiyok Pumphanmuang បន្ទាប់ពីជើងខ្លាំងកម្ពុជារូបនេះព្យាយាមសម្រុកប្រើកណ្ដាប់ដៃ ពិសេសការប្រើកែងធ្វើឲ្យ Saiyok បែកចិញ្ចើមផ្នែកកន្ទុយភ្នែកខាងស្ដាំយ៉ាងធំ ហើយក៏ត្រូវគ្រូពេទ្យប្រាប់អាជ្ញាកណ្ដាលឲ្យបញ្ឈប់ការប្រកួតតែម្ដង ដោយសាររបួសធំពេកមិនអាចបន្ដការប្រកួតបាន។
តាមរយៈនេះបានធ្វើឲ្យអ្នកលេងពូថៅដៃ ធឿន ធារ៉ា ក្លាយជាអ្នកលេងគុនខ្មែរដំបូងដែលបានគ្រងជើងឯកនៃព្រឹត្តិការណ៍ដ៏ធំ Thai Fight ដោយទទួលបានខ្សែក្រវាត់ និងពានរង្វាន់របស់ព្រះមហាក្សត្រថៃ អមប្រាក់រង្វាន់ ៤សែនបាត អមប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនទៀត ពិសេសសប្បុរសជនក្នុងស្រុកដែលបានប្រកាសឧបត្ថម្ភលើកទឹកចិត្ត ដល់អ្នកលេងគុនខ្មែររូបនេះជាបន្ដបន្ទាប់ទៀតផង។ ក្រឡេកទៅចាប់អារម្មណ៍អ្នកគាំទ្រ និងប្រជាជនថៃវិញក៏បានសម្ដែងការអបអរសាទរជ័យជម្នះរបស់កីឡាករ ធឿន ធារ៉ា ផងដែរ ទោះបីកីឡាករកម្ពុជារូបនេះបានផ្ដួលកីឡាករលំដាប់កំពូលថៃ Saiyok Pumphanmuang ក៏ដោយ៕
អត្ថបទ៖ លី ឈុនឡា