បារាំង៖ ការប៉ះទង្គិចគ្នានានាបានផ្ទុះឡើងមកដល់ថ្ងៃទី២ កាលពីចុងសប្ដាហ៍នេះរវាងនគរបាល និងក្រុមបាតុករជនជាតិភាគតិចឃើដដែលពោពេញដោយកំហឹង ក្រោយខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់សមាជិកសហគមន៍ចំនួន ៣នាក់ និង ៤នាក់រងរបួសរបស់ពួកគេ។

រថយន្តជាច្រើនគ្រឿងត្រូវបានក្រឡាប់ មានរថយន្តមួយគ្រឿងត្រូវបានភ្លើងឆេះ បង្អួចហាងលក់ទំនិញនានាត្រូវបានខូចខាត និងមានការបំពួកភ្នួកភ្លើងតូចៗនៅជិតវិមាន Place de la République ជាទីតាំងជាប្រពៃណីមួយសម្រាប់ការតវ៉ានានា ជាទីដែលក្រុមជនជាតិភាគតិចឃើដបាននាំគ្នាតវ៉ាដោយស្ងៀមស្ងាត់កាលពីថ្មីៗនេះ។ ស្នងការនគរបាលទីក្រុងប៉ារីសលោក Laurent Nunez បាននិយាយថា មានអំពើហិង្សាផ្ទុះឡើងភ្លាមៗនៅក្នុងការតវ៉ានោះ ប៉ុន្តែគេមិនទាន់បានដឹងច្បាស់ទេពីមូលហេតុឈានដល់ការផ្ទុះអំពើហិង្សានេះ។ ថ្លែងទៅកាន់សារព័ត៌មាន BFM TV លោក Nunez បាននិយាយថា ក្រុមបាតុកររាប់សិបនាក់បានជាប់ពាក់ព័ន្ធនឹងអំពើហិង្សានេះ ដោយបន្ថែមថាមនុស្ស ១១នាក់ត្រូវបានចាប់ខ្លួន និង ៣០នាក់រងរបួសស្រាល។

ខណៈក្រុមបាតុករមួយចំនួនបានចាកចេញពីទីលានចតុរង្គ ពួកគេបានគប់វត្ថុផ្សេងៗលើនគរបាលដែលបានឆ្លើយតបដោយការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក។ ការតវ៉ានៅតែបន្តរយៈពេល ២ម៉ោងមុនពេលបំបែកជួរ។ គួររម្លឹកថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សនៅមជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិភាគតិចឃើដ និងនៅក្បែរហាងកាហ្វេកាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូក្នុងសង្កាត់ដ៏មមាញឹកទី១០ ក្នុងទីក្រុងប៉ារីស។ បុរសជនសង្ស័យជាខ្មាន់វាយប្រហារវ័យ ៦៩ឆ្នាំ ដែលក្រុមអាជ្ញាធរនិយាយថា ទើបដោះលែងពីពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មកាលពីមួយឆ្នាំមុនត្រូវបានចាប់ខ្លួន៕
អត្ថបទ៖ សុខមាន