ចិន៖ ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនមានចេតនាបំភាន់ការគំរាមកំហែងរបស់ចិន ជាលេសដើម្បីបង្កើនការចំណាយយោធារបស់ខ្លួនទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការត្រួតត្រាពិភពលោករបស់ខ្លួន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើការផ្ដល់សិទ្ធិអំណាចផ្នែកការពារជាតិ របស់សហរដ្ឋអាមេរិកឆ្នាំ២០២៣ ឲ្យចូលជាច្បាប់។
លោកវរសេនីយ៍ឯក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិននិយាយថា មានការពិតជាច្រើនបានបង្ហាញលើសពីមួយដងថា សហរដ្ឋអាមេរិកគឺជាអ្នកគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ និងបង្កភាពច្របូកច្របល់ក្នុងតំបន់។ សេចក្ដីថ្លែងការណ៍នេះបានអះអាងថា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកបានដុតបញ្ឆេះឲ្យសង្គ្រាម ប្រឆាំងប្រទេសផ្សេងៗ ឬបង្កើតជម្លោះនានាបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សដ៏ច្រើន និងធ្វើឲ្យជនស៊ីវិលគ្មានកំហុសយ៉ាងច្រើនរត់ភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេផងដែរ។
កញ្ចប់ថវិការយោធាអាមេរិកដែលមានទំហំទឹកប្រាក់ដល់ទៅ ៨៥៨ពាន់លានដុល្លារអាមេរិកសម្រាប់សារពើពន្ធឆ្នាំ ២០២៣ ដែលបានអនុម័តផ្ដល់ថវិកា ១០ពាន់លានដុល្លារក្នុងជំនួយសន្តិសុខ និងការផ្គត់ផ្គង់អាវុធឲ្យកោះតៃវ៉ាន់គឺជា សកម្មភាពបង្ករឿងមួយផ្សេងទៀត ក្នុងចំណោមសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថេរភាពនៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ និងបង្កើនហានីភ័យនៃការប្រឈមុខដាក់គ្នាដោយយោធារវាងចិន និងអាមេរិក៕
អត្ថបទ៖ សុខមាន