ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី២៤ ទិវានយោបាយឈ្នះ ឈ្នះ ខិតជិតមកដល់ ក្រសួងការពារជាតិ ចាប់ផ្តើមរៀបចំស្តង់ពិព័រណ៍១៩ស្តង់ ដើម្បីឱ្យប្រជាពលរដ្ឋអាចអញ្ជើញចូលរួមទស្សនា និងស្វែងយល់ពីការចូលរួមអនុវត្តនយោបាយឈ្នះ-ឈ្នះ។
នៅថ្ងៃទី២៩ ខែធ្នូនេះ កម្ពុជានឹងប្រារព្ធខួបលើកទី ២៤ ទិវានយោបាយឈ្នះ-ឈ្នះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីអបអរសាទរខួបលើកទី២៤ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។
ក្រុមការងារ ចាប់ផ្តើមរៀបចំស្តង់ពិព័រណ៍ជាបណ្តើរៗនៅបរិវេណវិមានឈ្នះ-ឈ្នះ ដែលជាទីតាំងប្រារព្ធទិវា និងអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមកម្សាន្ត និងទស្សនាស្តង់ពិព័រណ៍របស់កងយោធពលខេមរភូមិន្ទ។
ទន្ទឹមគ្នានេះដើម្បីបង្កភាពសប្បាយរីករាយជាមួយសុខសន្តិភាព វិមានឈ្នះ-ឈ្នះ នឹងមានការបាញ់កាំជ្រួចពីរលើក នៅថ្ងៃទី២៩ និងថ្ងៃទី៣១ នៃថ្ងៃឆ្លងឆ្នាំសកល សម្រាប់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញទៅកម្សាន្តនៅវិមានឈ្នះ-ឈ្នះផងដែរ៕



