ចិន៖ ខេត្ត Zhejiang របស់ប្រទេសចិនបានរាយការណ៍ករណីឆ្លងវីរុសថ្មីជាង ១លានករណីកាលពីថ្ងៃអាទិត្យ ខណៈចំនួននៃករណីឆ្លងកើនឡើងនៅទូទាំងប្រទេស។ អាជ្ញាធរសុខាភិបាលខេត្តនិយាយថា ចំនួនអ្នកឆ្លងវីរុស Covid-19 ថ្មីត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិតខ្ពស់នៅមុនថ្ងៃបុណ្យចូលឆ្នាំសកល ដែលតួលេខប្រចាំថ្ងៃអាចឡើងដល់ ២លាន។

ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិននិយាយថា ករណីឆ្លងវីរុស COVID-19 ថ្មីទូទាំងប្រទេសបានកើនឡើងត្រឹមតែ ២,៩៤០ករណីប៉ុណ្ណោះកាលពីថ្ងៃសៅរ៍។ មជ្ឈមណ្ឌលនិយាយថា ករណីដែលបានបញ្ជាក់នៅខេត្ត Zhejiang មានត្រឹមតែ ២២ករណីជាចំនួនតិចខ្លាំង បើប្រៀបធៀបទៅនឹងតួលេខដែលត្រូវបានរាយការដោយ រដ្ឋាភិបាលតំបន់។ ភាពខុសគ្នាដ៏ច្រើនត្រូវបានគេមើលឃើញនៅក្នុងការសរុបរបាយការណ៍ប្រចាំថ្ងៃ ដែលត្រូវបានចេញផ្សាយដោយអាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋាន។ ខេត្ត Zhejiang គឺជាតំបន់ឧស្សាហកម្មធំមួយដែលមានប្រជាជនប្រមាណ ៦៥លាននាក់ ហើយជាមូលដ្ឋានសម្រាប់ពាណិជ្ជកម្មជប៉ុនជាច្រើន។
មន្ទីរពេទ្យ Peking University Third Hospital ជាមន្ទីរពេទ្យធំមួយនៅក្នុងទីក្រុងប៉េកាំង បានចាត់វិធានការជាច្រើនដើម្បីធានាបាននូវការផ្តល់សេវាទាន់ពេលវេលា និងដោយរលូនសម្រាប់អ្នកជំងឺដែលត្រូវការជំនួយ ដោយមន្ទីរពេទ្យដឹងថាមានភាពតានតឹងពីការកើនឡើងករណីឆ្លងវីរុស COVID-19 ។ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកអ្នកជំងឺក្រៅនៃមន្ទីរពេទ្យនៅតែមើលឃើញអ្នកជំងឺតម្រង់ដ៏វែង ប៉ុន្តែគ្រប់ផ្នែករបស់មន្ទីរពេទ្យកំពុងដំណើរការដោយរបៀបរៀបរយ។ ជារៀងរាល់ថ្ងៃមានអ្នកជំងឺជាង ៦០០នាក់ចូលមកកាន់ផ្នែកសង្គ្រោះបន្ទាន់ ដែលភាគច្រើនជាមនុស្សចាស់៕
អត្ថបទ៖ ប៊ុនថន