កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានអោយក្រុមការងារសណ្តាប់ធ្នាប់ខេត្តក្រុង ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដែលអាជីវករ បានយកដាក់សម្ភារៈលក់ដូរ ចាប់ពីផ្លូវក្រោយផ្សារលើ រហូតដល់ផ្សារឆ្នាំង និងបានណែនាំដល់អាជីវករទាំងនោះ អោយចូលរួមថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់អោយបានល្អ។
លោកឧត្តមសេនីយ៍ទោ ខូវ លី បានអោយដឹងថា ដោយមើលឃើញនូវការកើនឡើងនូវភាពលក់ដូរអនាធិបតេយ្យតាមដងផ្លូវ ចាប់ពីចំណុចផ្សារលើ ដល់ចំណុចផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងអនុវត្តតាមការណែនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក និងលោកអភិបាលក្រុងបានចាត់តាំងកម្លាំងនគរបាលសណ្តាប់ធ្នាប់ខេត្ត និងក្រុង ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវមួយចំនួន រួមមាន ផ្លូវមុខ និងក្រោយផ្សារលើ ផ្លូវមន្ទីរពាណិជ្ជកម្ម ផ្លូវពីផ្សារលើទៅផ្សារក្រោម និងផ្លូវមុខផ្សារឆ្នាំងរហូតដល់ប៉ុស្តិនគរបាលផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ការចុះរៀបចំលើកនេះ កម្លាំងនគរបាលបានអោយក្រុមអាជីវករដែលលក់លៀនលយលើផ្លូវទាំងនោះ ដាក់សម្ភារៈលក់ដូរថយអោយចំគំនូសរបស់ក្រុមការងារបានកំណត់អោយរួចហើយ។ ត្រូវចូលរួមអនុវត្តអោយបានល្អចាប់ពីថ្ងៃនេះតទៅ និងត្រូវសម្អាតបរិស្ថានជុំវិញកន្លែងលក់ដូរ ឬផ្ទះរបស់ខ្លួនអោយបានស្អាតល្អ និងមិនត្រូវបន្តយកចំណីផ្លូវមកដាក់សម្ភារៈលក់ដូរទៀតឡើយ។ ប្រសិនបើនៅតែមានការកើតឡើងនូវការល្មើសជាមួយសណ្តាប់ធ្នាប់ ឬអនាម័យទៀត ក្រុមការងារនគរបាលសណ្តាប់ធ្នាប់នឹងអនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់បំផុត។
គួរបញ្ជាក់ថា នៅតាមដងផ្លូវផ្លូវមុខ និងក្រោយផ្សារលើ ផ្លូវមន្ទីរពាណិជ្ជកម្ម ផ្លូវពីផ្សារលើទៅផ្សារក្រោម និងផ្លូវមុខផ្សារឆ្នាំងរហូតដល់ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង តែងតែកើតមានការលក់ដូរលៀនលយចូលមកលើផ្លូវជាដរាបមក ទោះបីក្រុមការងារបានរៀបចំជាច្រើនលើកក៏ដោយ។ ក្នុងក្រុមអាជីវករលៀនលយទាំងនោះ ក៏មានប្រពន្ធ ឬបងប្អូនមន្ត្រីរាជការជាច្រើននាក់ផងដែរ ដែលមិនចូលរួមសហការរៀបចំសណ្តាប់ធ្នាប់នេះ។ ការលក់លៀនលយមកលើផ្លូវ នាំអោយមានផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ អាចមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ ធ្វើអោយសណ្តាប់ធ្នាប់តាមដងផ្លូវក្លាយជាអនាធិបតេយ្យគ្មានរបៀបរៀបរយទៀតផង ៕ ហុង វាស្នា










