ភ្នំពេញ៖ កសិករមួយគ្រួសារដែលគេចាត់ទុកថា ជាកសិករគំរូនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ផ្តើមប្រមូលផលត្រសក់ផ្អែមរបស់ខ្លួនជាបណ្តើរៗហើយ ក្រោយដាំដុះ៣ខែមកនេះ។
អ្នកស្រី ឡាយ រ៉ន និងលោក លាង នេត បានឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា ទិន្នផលផ្លែត្រសក់ផ្អែម ឆ្នាំនេះហុចផលល្អប្រសើរណាស់ បើធៀបនឹងការដាំសាកល្បងកាលពីឆ្នាំទៅ។ ឥឡូវនេះកំពុងប្រមូលផលជាបណ្តើរៗហើយ អាចថា នៅថ្ងៃទី៣០ ឬ៣១ ខែធ្នូ ខាងមុខ ទើបប្រមូលបានពេញលេញតែម្តង។
អ្នកស្រី ឡាយ រ៉ន បានបន្ដទៀតថា ត្រសក់ផ្អែមទុំ ត្រូវបានលក់ចេញទៅកាន់ទីផ្សារក្នុង១គីឡូក្រាមថ្លៃ៥០០០រៀល ភាគច្រើនឈ្នួញនៅផ្សារកូនកុក ឃុំកោះស្តេច ស្រុកគិរីសាគរ បញ្ជាទិញយកទៅលក់បន្ត និងមួយផ្នែកទៀតដាក់តាំងលក់នៅផ្ទះ។ ដាំណាំត្រសក់ផ្អែមជា ប្រភេទដាំណាំមួយរើសដីបន្តិចសម្រាប់ការបង្កបង្កើនផល ប្រសិនជាដីណាមិនផ្តល់អំណោយទានពិតជាពិបាកនឹងជោគជ័យបានផលណាស់។
លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ ថ្លែងថា គ្រួសារអ្នកស្រី ឡាយ រ៉ន និងលោក លាង នេត ជាកសិករគំរូម្នាក់នៅក្នុងភូមិជីត្រេះ ដោយពួកគាត់ជាអ្នកអំណត់ប្រឹងប្រែងធ្វើកសិកម្មជាខ្លាំងបូករួមនឹងចំណេះដឹងបច្ចេកទេសពីមន្រ្តីជំនាញ។
លោក រម្លឹកដែរថា កាលពីឆ្នាំទៅ កសិករដាំដំណាំត្រសក់ផ្អែមបានទទួលចំណូលប្រមាណ៤លានរៀលពីការប្រមូល ។ ដោយឡែកឆ្នាំ២០២២នេះ ពួកគេអាចកើនប្រាក់ចំណូលបន្ថែម ដើម្បីដោះស្រាយផ្គត់ផ្គង់ជីវភាពរស់នៅបានយ៉ាងសមរម្យមិនពិបាកដូចពេលមិនចាប់មុខរបរធ្វើកសិកម្មបែបសិរីរាង្គនេះ។
គួរជម្រាបថា ស្រុកបូទុមសាគរ ត្រូវបានគេចាត់ទុកថា មូលដ្ឋានស្រុកមួយមានការដាំដុះកសិកម្មជាច្រើនប្រភេទ រួមមាន៖ ឪឡឹកលឿន ខាត់ណាផ្កា ត្រសក់ទ្រើង ត្រប់ ស្ពឹក សាឡាត់ និងចិញ្ចឹមត្រី មាន់ ទា ជាដើម។ ហើយគ្រប់ទិន្នផលដែលប្រមូលបាន វាមិនពិបាកលក់ចេញឡើយ ពោលឱ្យតែថាមានទិន្នផលសម្រាប់នាំចេញ៕អត្ថបទ៖ ឈឹម មករា






