ភ្នំពេញ៖ រាជរដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ ២០២៣ វិស័យដឹកជញ្ជូន និងគមនាគមន៍នៅកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកើនឡើង គាំទ្រដោយការបន្តងើបឡើងនសកម្មភាពដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណិត និងឌីជីថលក្នុងអាជីវកម្ម ។
ទាក់ទងវិស័យដឹកជញ្ជូន និងគមនាគមន៍ នៅក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងចំណាយមូលធនថវិកាជាតិជាច្រើនសន្ធឹកសន្ធាប់ ក្នុងទិសដៅគាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល (២០២៣-២០២៥) ជាពិសេសការអនុវត្តកម្មវិធីយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់ជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធត្រូវកសាង និងជួសជុលដូចជា ផ្លូវថ្នល់ ស្ពាន លូ និងការជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងប៉ះពាល់ទឹកជំនាន់ជាដើម។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ទោះបីតម្លៃប្រេងមិនទាន់ចុះដូចដើម តែសេវាដឹកជញ្ជូនមានតម្លៃថេរល្អ ដោយអាចវាយតម្លៃបាន នៅក្នុងកម្រិតមួយសមរម្យ ក្នុងនោះប្រសិនប្រេងឥន្ធនៈនឹងបន្តចុះ ថ្លៃនៃការដឹកជញ្ជូនអាចនឹងចុះបន្ថែមទៀត ដែលជាផ្នែកមួយជួយកាត់បន្ថយនូវខ្ទង់ចំណាយ។
ចំណែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា ទាក់ទងការដឹកជញ្ជូននេះ នៅពេលវិបត្តិជំងឺកូវីដ ១៩ កំពុងរីករាលដាល ជាពិសេសស្ថានភាពសង្គ្រាមរុស្សី-អ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំពីតម្លៃសេវាដឹកជញ្ជូនជាពិសេសតាមកប៉ាល់ តែមកដល់ពេលនេះតម្លៃនៃការដឹកជញ្ជូនកប៉ាល់នេះ បានធ្លាក់ចុះបន្តិចបន្ទួចតែប៉ុណ្ណោះ ខណៈថ្លៃប្រេងនៅមានតម្លៃមួយខ្ពស់នៅឡើយ, ដែលបញ្ហានេះ ធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូន គិតសេវាទៅតាមស្ថានភាពជាក់ស្តែង ក្នុងនោះក៏មានក្រុមហ៊ុនមួយសុខចិត្តខាតបង់ ដើម្បីរក្សាអតិថិជនរបស់ខ្លួនផងដែរ។
លោកឧកញ៉ា បញ្ជាក់ថា៖ ចំពោះសេវាថ្លៃនៃការដឹកជញ្ជូនវិញ គឺមានតម្លៃសមស្របទៅនឹងការធ្វើពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ន តែអ្វីដែលជាការព្រួយបារម្ភណ៍ គឺការធ្លាក់ចុះគ្មានទំនិញដឹកជញ្ជូនទៅវិញ ខណៈមកដល់ពេលនេះ សេវសាដឹកជញ្ជូនបានធ្លាក់ចុះជាច្រើន ក្នុងរង្វង់ប្រមាណពី ៣០ ទៅ ៤០ ភាគរយ, ចំណែកស្ថានភាពទៅថ្ងៃខាងមុខ គឺមិនទាន់បានអាចធ្វើការវាយតម្លៃបាននៅឡើយ ៕អត្ថបទ៖ សុន រ៉ាឌី