ចិន៖ អាជ្ញាធរសុខភាពជាន់ខ្ពស់របស់ប្រទេសចិនបានប្រកាសថា ខ្លួនបានបញ្ឈប់ការចេញផ្សាយចំនួនករណីឆ្លង Covid-19 ប្រចាំថ្ងៃហើយ ខណៈរបាយការណ៍នានាអះអាងថា ចំនួនពិតប្រាកដមានច្រើនជាងទិន្នន័យផ្លូវការដែលបានចេញផ្សាយដោយក្រុមអាជ្ញាធរ។

គណៈកម្មការសុខភាពជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ព័ត៌មានទាក់ទងករណីឆ្លងនឹងត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងជំនួសវិញ ដែលជាផ្នែកមួយត្រូវបានគ្រប់គ្រងដោយគណៈកម្មការសុខភាពជាតិរបស់ចិន។ ការសម្រេចចិត្តក្នុងការផ្ទេរការរាប់ចំនួនករណីឆ្លង ទៅឲ្យអាជ្ញាធរថ្នាក់ក្រោមនេះមានឡើង ខណៈចិនឆ្លងកាត់រលកឆ្លងវីរុសកូរ៉ូណាដ៏ច្រើនមិនធ្លាប់មាន ក្រោយការបន្ធូរបន្ថយការរឹតត្បិតដ៏តឹងរ៉ឹងនានា។ សេចក្ដីថ្លែងការណ៍នេះពុំបាននិយាយទេថា តើមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ចិននឹងចេញផ្សាយរបាយការណ៍ករណីឆ្លងវីរុស Covid-19 ញឹកញាប់ប៉ុណ្ណា។
តាមធម្មតាមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ចិនចេញផ្សាយរួមគ្នាប្រចាំខែ សម្រាប់ជំងឺឆ្លងទាំងអស់ក្រោមច្បាប់របស់ចិន ចាប់ពីរដូវសំបូរដោយជំងឺផ្ដាសាយរហូតដល់ជំងឺរលាកថ្លើមប្រភេទ B និងជំងឺអាសន្នរោគ។ ចាប់តាំងពីប្រទេសចិនបានបន្ធូរបន្ថយការរឹតត្បិតការឆ្លងវីរុស Covid-19 កាលពីដើមខែនេះមក ពុំមានទិន្នន័យច្បាស់លាស់បញ្ជាក់ពីចំនួននៃការឆ្លងរាលដាលរបស់ប្រទេសនេះទេ៕
អត្ថបទ៖ សុខមាន