បាល់ទាត់៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដែលមាន Chelsea, Manchester City, Real Madrid និង Paris Saint Germain នឹងដំណើរទៅធម្មតាតាមការគ្រោងទុក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាននៅអង់គ្លេសមួយបានឲ្យដឹងថា UEFA មិនមានគំរោងដកសិទ្ធិប្រកួតរបស់ក្លិប ៣ ដែលពាក់ព័ន្ធជាមួយ European Super League នោះទេ។
Real Madrid, Chelsea និង Manchester City ជាក្រុម ៣ ក្នុងចំណោមក្រុម ១២ ផ្សេងទៀតដែលរួមគ្នាបង្កើតពាន European Super League ដែលកំពុងមានរឿងចម្រូងចម្រាសជាមួយ UEFA តែក្រោយមកក្លិបទាំង ៦ នៅអង់គ្លេសក៏បានផ្លាស់ប្ដូរការសំរេច និងដកខ្លួនវិញ។ មានសារព័ត៌មានខ្លះក៏បានលើកឡើងដែរថា UEFA អាចនឹងអាចផ្តល់ជើងឯកទៅកាន់ Paris Saint Germain ប្រសិនបើក្លិបទាំង ៣ នោះធ្វើពហិការមិនចូលរួម និងខ្លះទៀតលើកឡើងថា Bayern Munich, Dortmund និង Porto នឹងអាចជំនួសប្រសិនបើក្លិបទាំង ៣ ដកខ្លួន។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ ដែលជាជំនួបរវាង Chelsea ជួប Real Madrid និង Paris Saint Germain ជួប Manchester City៕
អត្ថបទ៖នាង សុភាវុធ