
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) កំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ករណីការលួចបន្លំផលិតគ្រឿង សម្អាង (ឡេ) ម៉ាក់ឈ្មោះ BLACK SHEEP ដែលរឹបអូសវត្ថុតាង ចំនួន ៦តោន នៅក្នុងស្រុក អង្គស្នួល ខេត្តកណ្ដាល។
ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធលទ្ធផលបង្ក្រាបករណីនេះ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយ មានប្រសាសន៍ថា ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះបានរកឃើញផលិតផលគ្រឿងសម្អាង ចំនួន ៦តោន មិនធ្លាប់បង្ក្រាបបាននាពេលកន្លងមក ដែលលួចផលិតស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងម៉ាក់ BLACK SHEEP BODY LOTION ក្លែងក្លាយគ្មានបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
ឯកឧត្តម បានបន្តថា ជនសង្ស័យបានលួចបន្លំប្រភព នៃការផលិតឡេម៉ាក់មួយនេះ ជាផលិតផលរបស់ប្រទេសថៃ មកលួចផលិត ហើយបានលួចប្រើប្រាស់បុគ្គលិកចំនួន ២៣នាក់ ដែលក្នុងនោះ ក៏មានអនីតិជនផងដែរ ហើយករណីនេះ គ.ប.ផ.ក នឹងត្រូវបញ្ជូនទៅតុលាការ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានគូសបញ្ជាក់ថា ចំពោះករណីនេះ ក៏មានការ ផាកពិន័យជាថវិកា រួមទាំងបន្តស៊ើបអង្កេតទ្រព្យសម្បត្តិ របស់ជនសង្ស័យ បើមានពាក់ព័ន្ធនឹង ប្រាក់ទទួលបាន ពីការលក់ផលិតផលគ្រឿងសម្អាងក្លែងក្លាយនេះ ក៏ប្រឈមនឹងការដកហូតផងដែរ។
ឯកឧត្តម បានបន្ថែមថា ការប្រើប្រាស់សម្អាងដែលគ្មានគុណភាព វានឹងបង្កឲ្យមានផល ប៉ះពាល់ ជាច្រើនដល់សុខភាព ទាំងក្នុងរយៈពេលខ្លី មធ្យម និងយូរអង្វែង ក្នុងនោះមានបញ្ហាស្បែក និងការជ្រៀបចូលទៅក្នុងរន្ធឈាមបង្កជាជំងឺជាច្រើនទៀត។
គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីខាងលើធ្វើឡើង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបុរីពិភពថ្មីកំបូល៣ ផ្ទះលេខ៦២ ៦៣ និង៦៤ ផ្លូវលេខ៨B ស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល៕អត្ថបទ៖ បាន សុខរិទ្ធិ
