ភ្នំពេញ៖កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស បានបើកកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាល នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រសៀល ថ្ងៃទី ២៦ ធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំ រួមមាន៖
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានធ្វើរបាយការណ៍បូកសរុបការងារឆ្នាំ២០២២ដោយរំលេចពីព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើឱ្យសមាគមជាតិមានមូលនិធិទាំងនៅថ្នាក់កណ្តាល និងតាមសាខាទាំងរាជធានី-ខេត្ត សម្រាប់ធ្វើប្រតិបត្តិការ។
ក្នុងឆ្នាំ២០២២ នេះ កាកបាទក្រហមកម្ពុជា សម្រេចបានការជួយសម្រាលជីវភាពប្រជាពលរដ្ឋងាយរងគ្រោះបំផុតបានចំនួន ៧៣.១៣៤ គ្រួសារ (ក្នុងនោះថ្នាក់កណ្តាលឆ្លើយតបបាន ៨.៥២០ គ្រួសារ) កសាងផ្ទះបាន ចំនួន ១០៤ ខ្នង និងបណ្តុះបណ្តាលជំនាញ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗបានរាប់សែនគ្រួសារទៀត។ ចំណែកសមិទ្ធផលសំខាន់ៗ ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០។
របាយការណ៍បានរំលេចពីការងារតាមវិស័យដូចជាវិស័យអាទិភាពគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុដែលក្នុងវិស័យនេះបានផ្តល់ស្បៀងសម្រាលជីវភាពរបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៨.៥៣៩គ្រួសារ សាខាបានសង់ផ្ទះ ១២ខ្នង និងផ្តល់ស័ង្កសីជួសជុល ផ្ទះរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១.២២៥គ្រួសារ។ ក្នុងការកសាងភាពធន់សហគមន៍ ដែលសហការជាមួយសមាគមជាតិកាកបាទក្រហមចិន, កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងចំនួន៤ បង្គន់អនាម័យចំនួន២៧២ កន្លែងលាងសម្អាតដៃនៅក្នុងមណ្ឌលសុខភាពចំនួន២ ក្នុងឃុំចំនួន ២ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្នុងពេលដែលរាជរដ្ឋាភិបាលទទួលដោះស្រាយ១០០% ក្នុងការផ្តល់ពូជស្រូវ ស្បៀង និងថវិកា ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស កាកបាទក្រហមកម្ពុជា បន្តយកចិត្តទុកដាក់ក្នុងការតម្រង់ទិសដល់ក្រុមប្រតិបត្តិរបស់សាខាទាំង ២៥រាជធានី-ខេត្ត ស្តីពីការពង្រឹងសមត្ថភាពភស្តុភារ ការប្រកាស
ព័ត៌មានជាមុន ការរាយការណ៍ពីផលប៉ះពាល់របស់មុខសញ្ញារងគ្រោះ និងទម្រង់ប្រតិបត្តិការឆ្លើយតប។ ជាមួយគ្នានោះ ថ្នាក់កណ្តាលក៏បានបញ្ជ្រាបការយល់ដឹងពីហានិភ័យបង្កដោយការប្រែប្រួលអាកាសធាតុដល់សាខា សម្រាប់ជាមូលដ្ឋាននៃការគិតគូរដោះស្រាយផលប៉ះពាល់នានាតាមសហគមន៍ផងដែរ។
ក្នុងការចូលរួមកាត់បន្ថយហានិភ័យបង្កដោយការប្រែប្រួលអាកាសធាតុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានដឹកនាំសកម្មភាពដាំដើមឈើជាង ១.២០០ដើម នៅមជ្ឈមណ្ឌលពុទ្ធសាសនាកម្ពុជា។ ចំណែក សាខារាជធានី-ខេត្ត សម្រេចបានការដាំដើមឈើ សរុបប្រមាណ ៥.៣៧៥ដើម នៅតាមទីសាធារណៈ និងគ្រឹះស្ថាន
សិក្សានានា រួមទាំងបានដាំកូនឈើកោងកាង សរុប ២.០០០ដើម នៅតាមដងព្រែកកោងកាងសាងស្នេហ៍ ឃុំតានៃ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈ ពិការ របួស និងបាត់បង់ទ្រព្យសម្បត្តិរដ្ឋ ឯកជន បង្កដោយគ្រោះថ្នាក់ចរាចរណ៍ កាកបាទក្រហមកម្ពុជា និងសាខាទាំង២៥ រាជធានី-ខេត្ត សម្រេចបានការធ្វើយុទ្ធនាការទូទាំងប្រទេសស្តីពីសុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក ធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ប្រកបដោយបរិយាប័ន្ន និងគំាពារកុមារ បានចំនួន ៥៧៧លើក មានអ្នកទទួលផលសរុប ១៣៣.៥០៩នាក់ (ស្រីចំនួន ៧៣.៥៦០នាក់) និងអ្នកមានពិការភាពចំនួន១.៧៦៩នាក់។ លើសពីនេះទៅទៀត បាន កសាងជម្រាល ចំនួន ៦កន្លែង សម្រាប់ជនមានពិការភាពចំនួន ១.៣៥៣នាក់។
វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍កាកបាទក្រហមកម្ពុជា បានបន្តផ្តល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា (លើកទី៥) ដែលត្រូវជាលើកទី១១ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងថវិកា ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ (លើកទី៤) ។
ការងារអប់រំផ្សព្វផ្សាយលើកកម្ពស់ពីសារប្រយោជន៍នៃការថែទាំសុខភាពមាតា ទារក និងកុមារ រួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ថ្លើមប្រភេទបេ ជំងឺស្វាយពីម្តាយទៅកូន និងការងារត្រូវបានអនុវត្តតាមយន្តការ ការងារឥស្សរជនឆ្នើមថ្នាក់ជាតិគ្របដណ្តប់ទូទាំងប្រទេស និងអនុវត្តជាប្រចាំក្នុងយុទ្ធនាការឈានឆ្ពោះទិវាដ៏សំខាន់ ចំនួន ៣ គឺ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា និង ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ។
ក្នុងការងារអភិវឌ្ឍសុខភាពសហគមន៍វិញ កាកបាទក្រហមកម្ពុជា បានផ្តោតលើការសាងសង់កន្លែងលាងសម្អាតដៃតាមគ្រឹះស្ថានសិក្សា ដែលជារួមមានព្រះសមិទ្ធផល សម្តេចម៉ែជាអម្ចាស់ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅខេត្តមណ្ឌលគីរី ជាអណ្ដូងទឹកស្អាតចំនួន៣ កន្លែងលាងសម្អាតដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នង (មាន៤បន្ទប់) ក្នុងវិទ្យាល័យចំនួនមួយ និងសាលាបឋមសិក្សាចំនួន៦ សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ២.៤០០នាក់ និងកន្លែងលាងសម្អាតដៃចំនួន៦ និងបង្គន់អនាម័យចំនួន ៣ខ្នង (មាន ៩បន្ទប់) សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៥.០២០នាក់ ក្នុងវិទ្យាល័យចំនួន៤ និងសាលាបឋមសិក្សាចំនួន១ នៅក្នុងក្រុង១ ស្រុក៤ នៃខេត្តកំពង់ធំ។ លើសពីនេះទៅទៀត ដោយមានការជួយឧបត្ថម្ភពី សហព័ន្ធអន្តរជាតិ កាកបាទក្រហមសិង្ហបូរី និងកាកបាទក្រហមកូរ៉េ សមិទ្ធផលបន្ថែមទៀតមានអណ្តូងស្នប់មានម៉ូទ័រ១៩ កន្លែងលាងសម្អាតដៃ៤២ បន្ទប់អនាម័យ៣៣ និងស៊ីទែនទឹក១៧ មានអ្នកទទួលផលសរុប ៣៨.៣០៧នាក់ ។
វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន កាកបាទក្រហមកម្ពុជា អាចពង្រឹងបានភាពជាម្ចាស់របស់សាខាទាំង២៥រាជធានី-ខេត្ត ទៅតាមទិសវិមជ្ឈ ការ វិសហមជ្ឈការ, សាខានីមួយៗ មានសមត្ថភាពក្នុងការបំផុសចលនាកៀរគររកមូលនិធិ និងជំនួយឧបត្ថម្ភ ព្រមទាំងដឹកនាំ គ្រប់គ្រងសាខាតាមអភិក្រមអភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាព។ ចំណែក ថ្នាក់កណ្តាលវិញ បាននឹងកំពុងបន្តតួនាទីជួយគាំទ្របច្ចេកទេស កសាងសមត្ថភាព និងបណ្តុះបណ្តាលសមត្ថភាពជំនាញដូចជា ផែនការអភិវឌ្ឍសាខា អនុសាខាជាដំណាក់កាល តាមទិសស្លោក “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល” នៃយុទ្ធសាស្ត្រ ២០២១-២០៣០។
ការងារអភិវឌ្ឍធនធានហិរញ្ញវត្ថុ ៖ ទិវា ៨ឧសភា បានក្លាយជាទិវាដ៏សំខាន់ និងចាំបាច់របស់ថ្នាក់កណ្តាល និងគណៈកម្មាធិការសាខាក្នុងការបំផុសសប្បុរសជនកៀរគររកមូលនិធិ។ បទពិសោធន៍ថ្មីឆ្នាំនេះ ឃើញថា គណនីទទួលថវិកា តាមធនាគារ ABA អាចទទួលថវិកាពីសប្បុរសបានច្រើនជាងមុន។ ការងារសមាជិកភាពនៅតែបន្ត ដោយឆ្នាំនេះមានចុះបញ្ជីនៅថ្នាក់កណ្តាល ២.៩៤៥នាក់ និងសាខាទាំងអស់ ៥៧.០៩៩នាក់។
លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក បានអានជូននូវរបាយការណ៍ចំណូល-ចំណាយមូលនិធិឆ្នាំ២០២២ ហើយអង្គប្រជុំបានអនុម័ត ជាមួយនឹងអនុសាសន៍បន្តពង្រឹងការធ្វើសវនកម្ម ដើម្បីធានាបានការជឿទុកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងអនុម័តផែនការ ចំណាយជាអាទិភាពឆ្នាំ២០២៣ ដែលជាកញ្ចប់ថវិកាមិនស្ថិតនៅក្នុងមូលនិធិទទួលបានពីសប្បុរសជន ។
កាកបាទក្រហមកម្ពុជា ប្តេជ្ញានឹងបន្តបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈឱ្យកាន់តែប្រកបដោយគុណតម្លៃថែមទៀត ជាពិសេស ក្នុងការអប់រំផ្សព្វផ្សាយឱ្យសហគមន៍ពង្រឹងការអនុវត្ត “៣ការពារ ៣កុំ”, រួមសាមគ្គីគ្នាចូលរួមអនុវត្តយុទ្ធសាស្ត្រស្តីពី “ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺ
កូវីដ-១៩” និង “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី”។
សម្តេចប្រធានបានថ្លែងអំណរគុណនិងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីកាកបាទក្រហមគ្រប់ថ្នាក់សាខារាជធានីខេត្តទាំងអស់ដែលបានខិតខំបំពេញការងារក្នុងឆ្នាំ២០២២ក៏ដូចជាពេលកន្លងមកបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋបានភ្លាមៗទាន់ពេលវេលានៅពេលពលរដ្ឋជួបការលំបាកឬគ្រោះធម្មជាតិផ្សេងៗនិងបានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់ឱ្យកាន់តែសកម្មថែមទៀតនៅឆ្នាំ២០២៣។
សម្តេចបញ្ជាក់ថា ទោះជាយ៉ាងនេះក្តីថ្នាក់កណ្តាលនឹងជួយដល់សាខានៅពេលមានតម្រូវការ ឆ្លើយតបក្នុងករណីហួសពីលទ្ធភាពរបស់សាខានីមួយៗ៕







…………