អាមេរិក៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ព្យុះព្រិលដ៏ធ្ងន់ធ្ងរមិនធ្លាប់មានបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧នាក់នៅសហរដ្ឋអាមេរិក រួមទាំង ២៧នាក់នៅតំបន់ Erie ភាគខាងលិចរដ្ឋ New York។

អភិបាលតំបន់លោក Mark Poloncarz បាននិយាយនៅសន្និសីទសារព័ត៌មានថា គេរំពឹងថាចំនួនអ្នកស្លាប់ដោយសារព្យុះព្រិលដ៏ខ្លាំងក្លានេះអាចនឹងកើនឡើងថែមទៀត ខណៈព្រិលនៅតែបន្តគ្របដណ្ដប់តំបន់ Erie ដែលបណ្ដាលឲ្យផ្លូវនានានៅក្នុងតំបន់ជាច្រើនមិនអាចធ្វើដំណើរឆ្លងកាត់បាន រួមទាំងភាគច្រើននៅក្នុងទីក្រុង Buffalo។ អភិបាលរដ្ឋ New York និយាយថា ព្យុះព្រិលរដូវរងាដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រនេះ បានបោកបក់ពាសពេញអាមេរិកខាងជើង និងប្រែទីក្រុង Buffalo ដូចជាតំបន់សង្គ្រាម។

យោងតាមសារព័ត៌មាន NBC News ដោយបោកបក់ចេញពីតំបន់ Great Lakes ជិតប្រទេសកាណាដារហូតដល់តំបន់ Rio Grande ស្ថិតនៅតាមព្រំដែនម៉ិកស៊ិក ព្រិលនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧នាក់គិតត្រឹមព្រឹកថ្ងៃចន្ទ។ ចំនួនអ្នកស្លាប់ត្រូវបានកត់ត្រានៅក្នុងរដ្ឋចំនួន ១២ ដូចជារដ្ឋ Colorado, Illinois, Kansas, Kentucky, Michigan, Missouri, Nebraska, New York, Ohio, Oklahoma, Tennessee និងរដ្ឋ Wisconsin៕
អត្ថបទ៖ សុខមាន