ជប៉ុន៖ មនុស្សចំនួន ១៧នាក់នៅក្នុងប្រទេសជប៉ុនបានស្លាប់ និង ៩៣នាក់រងរបួសដោយសារព្រិលធ្លាក់ខ្លាំង។ ចំនួននេះទទួលបានពីទីភ្នាក់ងារពន្លត់អគ្គិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ជប៉ុនកាលពីព្រឹកថ្ងៃចន្ទ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ អ្នកស្លាប់មានត្រឹមតែ ១១នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីបានព្រមានពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈកំពុងកាយព្រិលចេញពីលំនៅឋានរបស់ពួកគេ។ អ្នកស្លាប់ថ្មីៗភាគច្រើនបានកើតឡើងនៅពេលមនុស្សធ្លាក់ ពេលកំពុងកាយព្រិលចេញពីដំបូលផ្ទះរបស់ពួកគេ។ ក្នុងចំណោមអ្នកស្លាប់រួមស្ត្រីចំណាស់វ័យប្រហែល ៧០ឆ្នាំដែលត្រូវបានប្រទះឃើញក្រោមគំនរព្រិលនៅផ្ទះរបស់គាត់ក្នុងទីក្រុង Nagai ស្ថិតចំងាយប្រមាណ ១៨០ម៉ាយល៍ភាគខាងជើងទីក្រុង Tokyo។

ព្រិលបានធ្លាក់ខ្លាំងនៅផ្នែកភាគខាងជើងប្រទេសនេះ ដែលបានប៉ះពាល់ដល់ស្ថានីយបញ្ជូនថាមពលអគ្គិសនីមួយ ដោយកាត់ផ្ដាច់ការផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ប្រមាណ ២០.០០០គ្រួសារពុំមានថាមពលអគ្គិសនីនៅព្រឹកថ្ងៃបុណ្យ Christmas។ មន្ត្រីនិយាយថា ក្រោយមកនៅថ្ងៃដដែល ពលរដ្ឋភាគច្រើនត្រូវបានក្រុមអាជ្ញាធរតភ្ជាប់បណ្ដាញអគ្គិសនីឡើងវិញ៕
អត្ថបទ៖ សុខមាន