បាល់ទាត់៖ ក្លិបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែប្រយុទ្ធហូឡង់ Cody Gakpo មកកាន់ Anfield ហើយ នេះបើតាមការបញ្ជាក់របស់សាមីក្លិប PSV Eindhoven។ កីឡាករវ័យ ២៣ឆ្នាំរូបនេះមានទំរង់លេងគួរឱ្យកត់សំគាល់នៅ World Cup កាតាកន្លងមកជាមួយក្រុមជម្រើសជាតិហូឡង់ ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់នាំក្រុមហូឡង់ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។
តម្លៃនៃការផ្ទេររបស់កីឡាករហូឡង់រូបនេះត្រូវបានគេដឹងថា នៅចន្លោះ ៤០ ទៅ ៥០លានអឺរ៉ូ។ PSV បានបញ្ជាក់ថា Cody Gakpo នឹងហោះហើរទៅកាន់ទឹកដីអង់គ្លេសដើម្បីបំពេញឱ្យរួចរាល់កិច្ចសន្យាផ្ទេរ ដែលនឹងជាការផ្ទេរដែលមានតម្លៃខ្ពស់បំផុតមួយរបស់ក្លិប។ ការសំរេចស្វែងរកខ្សែប្រយុទ្ធបន្ថែមមកកាន់ Anfield ដោយសារ Liverpool កំពុងអវត្តមានកីឡាករតំបន់ប្រយុទ្ធពីរនាក់រួមមាន Luiz Diaz និង Diogo Jota។ សូមបញ្ជាក់ថា Cody Gakpo មុន World Cup បានស៊ុតបញ្ចូលទី ៨គ្រាប់ ១២បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ១៤ប្រកួតឱ្យ PSV រដូវកាលនេះ។ ជាមួយគ្នានោះដែរ Gakpo ក៏បានស៊ុតបញ្ចូលទី ៣គ្រាប់ ២បាល់បញ្ជូនផងដែរក្នុងការបង្ហាញខ្លួន ៥លើកនៅក្របខណ្ឌ UEFA Europa League៕
អត្ថបទ៖នាង សុភាវុធ