ល្បុក្កតោ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលដល់ពលរស់ខ្មែររស់នៅខេត្តសូរិន ប្រទេសថៃ ដើម្បីផ្សព្វផ្សាយពីក្បាច់គុនអត្តសញ្ញាណជាតិ ដ្បិតពលរដ្ឋខ្មែរនៅទីនោះបានបង្ហាញឆន្ទៈយ៉ាងមុតមាំ ដើម្បីចូលរួមអភិវឌ្ឍន៍ និងអភិរក្សក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរមួយនេះ។
លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភាព និងជាប្រធានសហព័ន្ធ ក៏ដូចជាឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធបានចាត់បញ្ជូនរូបលោក ដឹកនាំប្រតិភូ និងអ្នកជំនាញគុនល្បុក្កតោកម្ពុជាផ្សេងទៀត ទៅចូលរួមសិក្ខាសាលាស្ដីពីគុនល្បុក្កតោ នៅខេត្តសូរិន តបតាមការអញ្ជើញរបស់ពលរដ្ឋខ្មែររស់នៅទីនោះ។ លោកថា សិក្ខាសាលាក៏ដូចជាវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមនេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួម ៣០រូប។ អ្វីដែលពិសេស ការរៀបចំនេះត្រូវបានគាំទ្រដោយអាជ្ញាធរថៃ ហើយមានការចូលរួមពីអភិបាលរងខេត្តសូរិន និងមានការគាំទ្រពីថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Surindra Rajabhat University ខណៈក្រោយចប់វគ្គ ក៏មានការផ្ដល់នូវសញ្ញាបត្រដល់សិក្ខាកាមចូលរួមទៀតផង។
អគ្គលេខាធិការរងសហព័ន្ធដដែលបន្ដថា នេះគឺជាការចាប់ផ្ដើមមួយដ៏ល្អ សម្រាប់សហព័ន្ធក្នុងការជំរុញការផ្សព្វផ្សាយគុនល្បុក្កតោទៅដល់ប្រជាពលរដ្ឋគ្រប់រូបនេះទាំងក្នុង និងក្រៅប្រទេស ពិសេសពលរដ្ឋខ្មែររស់នៅខេត្តសូរិន ដែលមានការចាប់អារម្មណ៍ និងចង់ចូលរួមថែរក្សានូវសម្បត្តិវប្បធម៌ជាតិមួយនេះក្នុងតំបន់របស់ខ្លួន នៅក្នុងតំបន់ខេត្តសូរិន ស្របពេលគណៈកម្មាធិការជាតិ CAMSOC បានដាក់បញ្ចូលក្បាច់គុនអត្តសញ្ញាណជាតិនេះ ទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក៏ដូចជាការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិរបស់អង្គការ UNESCO កាលពីថ្មីៗ។ លើសពីនេះ ពលរដ្ឋខ្មែររស់នៅខេត្តសូរិនក៏មានបំណងចូលរួមហ្វឹកហាត់ ក៏ដូចជាការបណ្ដុះបណ្ដាលគ្រូបង្វឹក អាជ្ញាកណ្ដាល-ចៅក្រម ដើម្បីមានលទ្ធភាពរៀបចំការប្រកួតជើងឯកក្នុងតំបន់ខ្លួនរស់នៅ នាថ្ងៃអនាគតទៀតផង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ូ តារា៕ អត្ថបទ៖ លី ឈុនឡា


