ចិន៖ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃចន្ទបានជំរុញឱ្យក្រុមមន្ត្រីចាត់វិធានការដើម្បីការពារអាយុជីវិត នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកស្តីពីជំងឺ COVID-19 ចាប់តាំងពីទីក្រុងប៉េកាំងបានបន្ធូរបន្ថយវិធានការទប់ស្កាត់យ៉ាងខ្លាំងនៅក្នុងខែនេះ។

ដោយភាគច្រើនបានកាត់ផ្តាច់ចេញពីពិភពលោកទាំងមូលក្នុងអំឡុងពេលជំងឺរាតត្បាត ពេលនេះប្រទេសចិនកំពុងជួបប្រទះការកើនឡើងករណីឆ្លងវីរុសច្រើនបំផុត បន្ទាប់ពីបានដកចេញវិធានការរឹតត្បិតភ្លាមៗដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ ការសិក្សាបានប៉ាន់ប្រមាណថា មនុស្សប្រហែល ១លាននាក់អាចស្លាប់ក្នុងរយៈពេលពីរទៅបីខែខាងមុខនេះ។ បច្ចុប្បន្នប្រជាជនជាច្រើនកំពុងប្រឈមនឹងការខ្វះខាតថ្នាំពេទ្យ ខណៈអគារពេទ្យសង្គ្រោះបន្ទាន់ចង្អៀតដោយលំហូរនៃអ្នកជំងឺវ័យចំណាស់ដែលមិនបានចាក់វ៉ាក់សាំង។ យោងតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា លោក Xi បាននិយាយនៅក្នុងការណែនាំថា ពេលបច្ចុប្បន្ននេះការបង្ការ និងគ្រប់គ្រងវីរុស COVID-19 នៅក្នុងប្រទេសចិនកំពុងប្រឈមមុខនឹងស្ថានភាពថ្មី និងភារកិច្ចថ្មី។

លោក Xi និយាយថា យើងគួតែចាប់ផ្តើមយុទ្ធនាការសុខភាពជាតិ ក្នុងមធ្យោបាយមានទិសដៅ ពង្រឹងបណ្តាញការពារសហគមន៍សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត និងការពារជីវិតមនុស្ស សុវត្ថិភាព និងសុខភាពប្រកបដោយប្រសិទ្ធភាព។ មន្ទីរពេទ្យ និងទីបូជាសពនៅទូទាំងប្រទេសបាននឹងកំពុងពេញទៅដោយអ្នកជំងឺ និងជនរងគ្រោះជំងឺ COVID-19 ខណៈគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យបានប្រកាសថា ខ្លួននឹងបញ្ឈប់ការចេញផ្សាយស្ថិតិនៃករណីឆ្លងឆ្លង និងអ្នកស្លាប់ប្រចាំថ្ងៃនៅទូទាំងប្រទេស។ ទីក្រុងប៉េកាំងបានទទួលស្គាល់ថា ទំហំនៃការផ្ទុះឡើងវីរុសគឺមិនអាចធ្វើទៅបានក្នុងការតាមដាន បន្ទាប់ពីបញ្ចប់ការធ្វើតេស្តទ្រង់ទ្រាយធំជាកាតព្វកិច្ច ដោយសារប្រជាជនពុំប្រកាសលទ្ធផលតេស្តជាកាតព្វកិច្ចដល់អាជ្ញាធរ៕
អត្ថបទ៖ ប៊ុនថន