អាហ្វហ្គានីស្ថាន៖ យោងតាមសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទ ប្រធានស្ដីទីនៃបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចស្ដីទីរបស់រដ្ឋបាលតាលីបង់ ឲ្យកែប្រែការសម្រេចក្នុងការហាមប្រាមស្ត្រីមិនឲ្យចូលបម្រើ នៅតាមបណ្ដាអង្គការក្រៅរដ្ឋាភិបាលអំឡុងកិច្ចប្រជុំ។

បេសកកម្មផ្ដល់ជំនួយសម្រាប់អាហ្វហ្គានីស្ថានហៅកាត់ថា UNAMA បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ត្រូវការជំនួយមនុស្សធម៌ ហើយការដកបម្រាមនេះគឺជារឿងសំខាន់ ដោយបន្ថែមថា ប្រធានស្ដីទី និងជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ របស់បេសកកម្មផ្ដល់ជំនួយសម្រាប់អាហ្វហ្គានីស្ថានលោក Ramiz Alakbarov បានជួបរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ក្រុមតាលីបង់គឺលោក Mohammad Hanif។ ក្រសួងសេដ្ឋកិច្ចអាហ្វហ្គានីស្ថានបានបញ្ជាឲ្យអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងស្រុក និងបរទេសមិនឲ្យទទួលយកស្ត្រីធ្វើជាបុគ្គលិករហូតមានការជូនដំណឹងបន្ថែម។
បទបញ្ជានានាពុំបានដាក់ជូនដោយផ្ទាល់ទៅអង្គការសហប្រជាជាតិជាតិទេ ប៉ុន្តែភាគច្រើននៃកម្មវិធីរបស់ខ្លួនត្រូវបានអនុវត្តន៍ដោយអង្គការក្រៅរដ្ឋាភិបាល ដែលបានដាក់គោលទៅលើបទបញ្ជានោះ។ កាលពីចុងសប្ដាហ៍មុននេះ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសជាច្រើនលើពិភពលោកបានថ្កោលទោសក្រុមតាលីបង់ ចំពោះបម្រាមមិនឲ្យស្ត្រីចូលបម្រើការងារតាមស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនានា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា បម្រាមនេះប៉ះពាល់ដល់ដំណើរការផ្ដល់ជំនួយក្នុងប្រទេសនេះ។ ជាមួយគ្នានោះក្រុមមន្ត្រីមកពីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលរាប់សិបស្ថាប័នបានជួបពិភាក្សាគ្នា អំពីស្ថានភាពនេះក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន៕
អត្ថបទ៖ សុខមាន