ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា អង្គការសហប្រជាជាតិ (UN) បានណែនាំដល់កម្ពុជា ដាក់បញ្ចូលគោលដៅចំនួន ៥ចំណុច ទៅក្នុងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិឆ្នាំ២០២៣ ខណៈកម្ពុជាកំពុងប្រមូលធាតុចូល ដាក់ ក្នុងរបាយការណ៍នេះផងដែរ ។
នៅក្នុងសិក្ខាសាលាណែនាំពីការរៀបចំធាតុចូល សម្រាប់ការរៀបចំរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៣ នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់ គោលដៅទាំង៥ចំណុចនោះ ទី១. ការធានាឱ្យមានទឹក និងអនាម័យ និងការគ្រប់គ្រងទឹក និង អនាម័យប្រកបដោយចីរភាពដល់ពលរដ្ឋគ្រប់រូប, ទី២. ធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីមួយ គ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ ។
ឯកឧត្តមបន្តថា ទី៣. កសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធន់នឹងការប្រែប្រួល អាកាស ធាតុ លើកកម្ពស់ឧស្សាហូបនីយកម្មប្រកបដោយចីរភាព និងបរិយាបន្ន និងលើកកម្ពស់នវានុវន្តន៍, ទី៤. ធ្វើឲ្យទីក្រុង និងកន្លែងតាំងលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈបរិយាបន្ន សុវត្ថិភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងចីរភាព និងទី៥. ពង្រឹមមធ្យោបាយអនុវត្ត នានា និងបង្កើតភាពរស់រវើកនៃភាពជាដៃគូសកល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆាយ ថន បន្ថែមថា ប៉ុន្តែអង្គការសហប្រជាជាតិ ក៏បានផ្ដល់ សិទ្ធិដល់ប្រទេសជាតិនីមួយៗផងដែរ ក្នុងការកំណត់ជ្រើសរើសគោលដៅ និងចំនួនគោលដៅ សម្រាប់ដាក់បញ្ចូល ក្នុងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិរបស់ខ្លួន ។
ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងរៀបចំរបាយការណ៍ត្រួត ពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៣នេះ នឹងកំណត់យកគោលដៅទាំងអស់ រួមទាំង គោលដៅទី១៨ ដែលជាគោលដៅជាតិ បញ្ចូលទៅក្នុងរបាយការណ៍ ដោយគោលដៅទាំង៥ ដែលស្នើឡើងដោយ UN នឹងត្រូវរាយការណ៍ដោយលម្អិត និងគោលដៅចំនួន១៣ផ្សេងទៀត នឹងត្រូវរាយការណ៍ដោយសង្ខេប ពីលទ្ធផលនៃការអនុវត្ត ៕អត្ថបទ បាន សុខរិទ្ធិ