កែប ៖ ទូកនេសាទប្រភេទមងកេវមួយគ្រឿងបានលិចក្នុងសមុទ្រ ខណៈពេលត្រឡប់មកពីនេសាទដល់ចំណុចក្បែរកោះទន្សាយ បណ្តាលឲ្យបាត់ខ្លួនបុរសម្នាក់ និងជួយសង្គ្រោះបាន៤នាក់ កាលពីកណ្តាលអធ្រាត្រថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។ តាមការសន្និដ្ឋានថា ទូកលិចបណ្តាលមកពីផ្ទុកលើសចំណុះ ។
លោកសឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានរៀបរាប់ថា កាលពីពាក់កណ្តាលយប់ថ្ងៃទី២៦ ខែធ្នូ ទូកអូសមងកេវមួយគ្រឿងរបស់អ្នកនេសាទមកពីឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានលិចត្រង់ចំណុចក្បែរកោះទន្សាយ។ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ កម្លាំងកងទ័ពជើងទឹក ព្រមទាំងសមត្ថកិច្ចនគរបាលការពារព្រំដែនទឹកខេត្តកែប សហការជាមួយប្រជានេសាទសហគមន៍ បានតាមរកឃើញទូក និងសង្គ្រោះបុរសបួននាក់ក្នុងចំណោមប្រាំនាក់ រួចនាំមកដីគោកវិញ។
លោកប្រធានសហគមន៍ បានបន្តថា បុរសដែលកំពុងបាត់ខ្លួននោះគាត់មិនចេះហែលទឹកទេ។ មូលហេតុដែលបណ្តាលឲ្យទូកលិចនេះគឺមកការពីផ្ទុកលើសចំណុះ ព្រោះយប់នោះ ពួកគាត់នេសាទត្រីបានច្រើនខុសពីសព្វមួយដង៕អត្ថបទ៖ អន សារឹម