បាល់ទាត់៖ លោក Hajime Moriyasu នឹងបន្តដឹកនាំក្រុមជម្រើសជាតិជប៉ុន នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានជប៉ុន Kyodo។

ប្រភពព័ត៌មានពី Kyodo ឱ្យដឹងថា ការប្រកាសពីការបន្តដឹកនាំរបស់លោក Moriyasu នឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់ជប៉ុននាពេលខាងមុខ ហើយនឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ជប៉ុន ដែលគ្រូបង្វឹកក្រុមជម្រើសជាតិបន្តដឹកនាំក្រោយចប់ World Cup។ បុរសវ័យ ៥៤ឆ្នាំរូបនេះបាននាំក្រុមជម្រើសជាតិជប៉ុនឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ World Cup នៅកាតានាពេលកន្លងទៅ តែអ្វីដែលគួរកត់សំគាល់នោះគឺជប៉ុនបានយកឈ្នះក្រុមយក្សរបស់អឺរ៉ុបទាំង២ នៅក្នុងពូលរួមមានអាល្លឺម៉ង់ និងអេស្ប៉ាញ។
យ៉ាងណាក្តីក្រុមសាមូរ៉ៃពណ៌ខៀវមួយនេះក៏បានធ្លាក់ត្រឹមវគ្គ ១៦ក្រុមក្រោមស្នាដៃក្រុមជើងឯករង២០១៨ ក្រូអាស៊ីដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ រំលឹកថា លោក Moriyasu គឺជាអតីតកីឡាករខ្សែបម្រើជម្រើសជាតិជប៉ុន និងធ្លាប់ដឹកនាំក្លិបបាល់ទាត់ Sanfrecce Hiroshima ឈ្នះជើងឯក J-League ៣លើកមុនពេលចូលដឹកនាំក្រុម U23 ជប៉ុន និងឈានឡើងមកដឹកនាំក្រុមធំនៅឆ្នាំ២០១៨៕
អត្ថបទ៖នាង សុភាវុធ