ភ្នំពេញ៖ រាជរដ្ឋាភិបាលនូវតែបន្តទទួលបានគ្រោងវិនិយោគថ្មីៗបន្ថែម ដោយបានបង្ហាញឲ្យឃើញនៃការងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន ជាពិសេសបានឆ្លុះបញ្ចាំងដល់ស្ថានភាពផលិតកម្ម និងការបន្តកើនឡើងនៃការនាំចេញរបស់កម្ពុជា។
យោងតាមផេករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC) នៅថ្ងៃទី២៦ ខែធ្នូនេះ បានចុះផ្សាយនៃការសម្រេច ចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគជូនក្រុមហ៊ុនថ្មីចំនួន ៤ ដែលវិនិយោគលើវិស័យផ្សេងៗគ្នា មានទុនវិនិយោគជាង ១៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណជាង ៧០០កន្លែង, ក្នុងនោះតាមរយៈនៃការទទួលបានក្រុមហ៊ុនថ្មីមកវិនិយោគបន្ថែមនេះ គឺបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សកម្ម ភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ជាក់ស្តែងក្រុមហ៊ុនថ្មីដែលចុះបញ្ជីវិនិយោគចំនួន ៤ ក្នុងនោះមានក្រុមហ៊ុនចំនួន ៣ មានគម្រោងបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយគ្រោងវិនិយោគលើការផលិតក្តារប៉ាកេ និងក្តារបន្ទះ, គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក, និងគម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ។ ចំណែកក្រុមហ៊ុនមួយទៀតដែលទើបចុះបញ្ជីថ្មីដែរនោះ មានគម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់គ្រុបភ្នំពេញ។
ជុំវិញឱកាសការវិនិយោគនេះ បើតាមរយបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ នេះ, ស្ថានភាពវិនិយោគ បានបង្ហាញពីភាពល្អប្រសើរបន្តិច, ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុប មានចំនួន ១១៦ គម្រោង បានកើនឡើង ២៤ គម្រោង, និងមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ១០៥ ពាន់នាក់ កើនឡើងជាង ៤៣%និងទុនវិនិយោគសរុប ២ ៧៥៨ លានដុល្លារអាមេរិក កើនឡើងជាង ១៣៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕អត្ថបទ៖ សុន រ៉ាឌី