
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញយ៉ាង ទទូចទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តអនុវត្តផែនការការចុះបញ្ជីដីធ្លីឲ្យបានឆាប់រហ័ស ដើម្បីឲ្យការកាន់កាប់ដីធ្លី មានសុវត្ថិភាព។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដីធ្លីដែលត្រូវបន្តអនុវត្តចុះបញ្ជីនោះ រួមមានដីរបស់ប្រជាពលរដ្ឋ ដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាព នៃ ការកាន់កាប់ដីធ្លី ដែលជាទុនផ្ដល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋសម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ក្នុងការបង្កើតមុខរបរ និងបង្កើតប្រាក់ចំណូល។
សម្ដេចតេជោ បានបន្តថា តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី គឺចេញបណ្ណកម្មសិទ្ធិបានចំនួនប្រមាណ ៦លាន ៧សែនប័ណ្ណ ស្មើនឹងជាង ៩៦ភាគរយ នៃចំនួនក្បាលដី ប៉ាន់ស្មានប្រមាណ ៧លានក្បាលដី ហើយកំពុង ខិតខំដោះស្រាយឲ្យបាន ១០ភាគរយ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាលមិនប្រើយុទ្ធនាការបែបគោល នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ដូចឆ្នាំ២០១២ទៀតនោះទេ ប៉ុន្តែ ជំរុញក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ពិសេសអភិបាលរាជធានីខេត្ត ពិនិត្យមើលការងារ នេះឲ្យបានខ្ជាប់ខ្ជួន និងដោះស្រាយបញ្ហាដីធ្លីទាំងអស់នោះ៕ អត្ថបទ៖ បាន សុខរិទ្ធិ



