អាមេរិក៖ ចំនួនអ្នកស្លាប់នៅក្នុងទីក្រុង Buffalo របស់រដ្ឋ New York បានកើនឡើងដល់ ២៨នាក់ ហើយពលរដ្ឋរាប់ពាន់នាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់ ស្របពេលព្យុះរដូវរងាដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារអាមេរិក។

ចំនួនអ្នកស្លាប់ទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦២នាក់ដោយសារឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុ។ នៅក្នុងទីក្រុង Buffalo មន្ត្រីប្រចាំរដ្ឋម្នាក់បាននិយាយថា កម្លាំងនគរបាលកំពុងត្រូវបានបញ្ជូនទៅដើម្បីជួយគ្រប់គ្រងចរាចរណ៍នៅក្នុងទីក្រុងនេះ ជាទីដែលបម្រាមការបើកបរនៅតែដាក់នៅឡើយ។ មានការចូលលួចទំនិញនៅតាមហាងត្រូវបានរាយការណ៍នៅក្នុងតំបន់នៃទីក្រុងនេះ អំឡុងប្រកាសគ្រាអាសន្ន។

ព្យុះរដូវរងាក៏បានបង្ខំឲ្យលុបចោលជើងហោះហើររាប់ពាន់ រួមទាំងប្រមាណ ៤.៨០០ជើងហោះហើរគ្រាន់តែព្រឹកថ្ងៃអង្គារមួយថ្ងៃប៉ុណ្ណោះ។ អ្នកដំណើររាប់ពាន់នាក់ត្រូវបានជាប់នៅអាកាសយានដ្ឋានទូទាំងប្រទេស។ នៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ក្រុមមន្ត្រីនៅក្នុងតំបន់ Erie របស់រដ្ឋ New York ដែលរួមទាំងទីក្រុង Buffalo បាននិយាយថា គេរំពឹងថាចំនួនអ្នកស្លាប់អាចកើនឡើង ខណៈប្រតិបត្តិការស្វែងរក និងសង្គ្រោះនៅតែបន្ត៕
អត្ថបទ៖ សុខមាន