បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមកដល់ពេលនេះនៅមានឱកាសច្រើន ក្នុងការឡើងទៅវគ្គបន្តនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ២០២២ ត្បិតពីរប្រកួតឈ្នះមួយ និងចាញ់មួយ តែហ្វីលីពីនបីប្រកួតឈ្នះមួយប្រកួត និងចាញ់ពីរប្រកួត។

ដើម្បីរក្សាក្តីសង្ឃឹមនេះ គោព្រៃត្រូវឈ្នះព្រុយណេក្នុងបរិមាណគ្រាប់បាល់ច្រើនមិនតិចជាង ១០គ្រាប់សម្រាប់ការប្រកួតទី៣ ក្នុងពូល A ដែលដំណើរការប្រកួតនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោម៉ោង ៥និង០០នាទីល្ងាច។ ជំនួបរវាងកម្ពុជា និងព្រុយណេ ៦លើក កម្ពុជាឈ្នះ ៤ដង ចាញ់មួយដង និងស្មើម្តង ហើយកម្ពុជាឈ្នះព្រុយណេច្រើនគ្រាប់បំផុតត្រឹមតែ ៦ទល់នឹង១ ការប្រកួតមិត្តភាពអន្តរជាតិឆ្នាំ២០១៥។ ក្នុងពូល A នេះ ប្រសិនបើកម្ពុជាឈ្នះព្រុយណេ កម្ពុជានៅមានឧបសគ្គធំមួយទៀតគឺក្រុមដំរីសឹកថៃ ដែលត្រូវជួបគ្នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ការប្រកួតចុងក្រោយក្នុងពូល។

ម្ស៉ាងវិញទៀតក្តីសង្ឃឹមកៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់កម្ពុជា ក៏ត្រូវស្ថិតនៅលើលទ្ធផលរវាងឥណ្ឌូនេស៊ី និងថៃ នៅថ្ងៃទី២៩ ខែធ្នូ នេះដែរ។ ក្រុមទាំងពីរនេះបើស្មើក៏នៅតែមានសង្ឃឹមដដែល ខណៈកម្ពុជាត្រូវឈ្នះការប្រកួតនៅសល់ទាំងអស់។ សូមជម្រាបជូនថា មកដល់ពេលនេះក្នុងពូល A ឆ្លងកាត់ពីរប្រកួត ថៃឈរនៅលេខ១ មាន ៦ពិន្ទ គ្រាប់បាល់ចំណេញ ៩គ្រាប់ ឥណ្ឌូនេស៊ីលេខ២ មាន ៦ពិន្ទុដែរ តែគ្រាប់បាល់ចំណេញ ៨គ្រាប់ កម្ពុជាលេខ៣ មាន ៣ពិន្ទុគ្មានគ្រាប់បាល់ចំណេញ ហ្វីលីពីនលេខ៤ មាន ៣ពិន្ទុ គ្រាប់បាល់ចំណេញ ដក១ និងព្រុយណេ ក្រោយលេងបីប្រកួតគ្មានពិន្ទុនោះទេ។ ការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ាននឹងបញ្ចប់ផ្លូវការថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ខាងមុខ៕
អត្ថបទ៖ គង់ ហួន