បាល់ទាត់៖ ក្រុមជើងឯក ៤សម័យសិង្ហបុរីបន្តការចាប់ផ្តើមរបស់ខ្លួនបានយ៉ាងល្អ នៅការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ពូល B បន្ទាប់ពីយកឈ្នះឡាវ ២-០។

Irfan Fandi បានបើកការនាំមុខឱ្យសិង្ហបុរីនៅនាទីទី៣២ ដែលជាការតែតបញ្ចូលទីពីបាល់ Freekick របស់ Zulfahmi Arifin។ សិង្ហបុរីត្រូវរង់ចាំដល់ម៉ោងបានបង្គ្រប់ ៩០+៤ ទើបអាចរកគ្រាប់ទីពីរធានាបីពិន្ទុបានដោយ Shawal Anuar។ នេះជាជ័យជំនះពីរប្រកួតជាប់គ្នាសំរាប់សិង្ហបុរី បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ៣-២ ប្រកួតទី១។ ចំណែកឡាវនេះជាបរាជ័យ ៣ប្រកួតផ្ទួនៗរបស់ខ្លួន និងអស់ឱកាសទៅវគ្គបន្តហើយ។
ងាកមកការប្រកួតមួយគូទៀត ក្រុមជើងឯកឆ្នាំ២០១៨ វៀតណាមក៏រកបានជ័យជំនះទី២ របស់ខ្លួនដែរទៅលើម៉ាឡេស៊ី ៣-០ នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ។ ក្រុមរបស់លោក Park Hang-seo បានបើកការនាំមុខនៅនាទីទី២៨ ដោយ Nguyen Tien Linh ខណៈពីរគ្រាប់ទៀតសំរេចបាននៅវគ្គទី២ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Que Ngoc Hai នាទីទី៦៤ និង Nguyen Hoang Duc នាទីទី៨៣។
មិនខុសពីសិង្ហបុរីឡើយ នេះជាជ័យជំនះទីពីររបស់វៀតណាមមាន ៦ពិន្ទុពេញឈរលើគេក្នុងពូល B នេះខណៈដែលម៉ាឡេស៊ីឈរលេខ២ មាន ៦ពិន្ទុដែរតែប្រកួតបានបីលើកឈ្នះ ២ ចាញ់មួយ ខណៈសិង្ហបុរីឈរលេខ៣ តែលេងទើបបាន ២ប្រកួតឈ្នះទាំងពីរ។ ប្រកួតបន្ទាប់ក្នុងពូលនេះមីយ៉ាន់ម៉ាជួបឡាវ និងសិង្ហបុរីជួបវៀតណាម៕
អត្ថបទ៖នាង សុភាវុធ