ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថាប័ន២ មកពីសាកលវិទ្យាល័យ ទូលូ ហ្សង់ហ្សូរ៉េស និងសាលាជាតិជាន់ខ្ពស់ស្ថាបត្យកម្មទូលូ នៃសាធារណរដ្ឋបារាំង បើកការតាំងពិព័រណ៌ សំណង់បេតិកភណ្ឌ និងការរៀបចំក្រុង នៅបាត់ដំបង រហូតដល់ខែមករា ឆ្នាំ២០២៣។
លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ពិព័រណ៌ និយាយពីការសិក្សាទៅលើសំណង់បេតិកភណ្ឌ និងការរៀបចំក្រុងក្នុងខេត្តបាត់ដំបងនេះ បានផលប្រយោជន៍ធំសម្រាប់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយហេតុថានៅទីនេះ មានមហាវិទ្យាល័យបុរាណវិទ្យា ដែលជាមហាវិទ្យាល័យមួយ បានសិក្សាស្រាវជ្រាវពីការងារបេតិកភណ្ឌ និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ជាអ្នកសិក្សាស្រាវជ្រាវ ផ្នែកសំណង់ ស្ថាបត្យកម្ម ការរៀបចំក្រុង។ ដូច្នេះពិព័រណ៌នេះ បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់សិស្ស និសិ្សត ក៏ដូចជាសាកលវិទ្យាល័យទាំងមូល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្ម ដែលសិក្សាលើបេតិកភណ្ឌ។ ដូច្នេះការតាំងពិព័រណ៌នាឱកាសនេះជាស្នាដៃមួយភាគធំ នៃគម្រោងសិក្សាស្រាវជ្រាវរួមគ្នាជាមួយសាកលវិទ្យាល័យទូលូ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបញ្ជាក់ទៀតថា តាមរយៈការតាំងពិព័រណ៌នេះ ជាសារមួយ សម្រាប់ផ្តល់ព័ត៌មានជូនដល់សិស្ស និស្សិត និងលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ សូមឲ្យមានការចាប់អារម្មណ៍ ទៅវិស័យសិក្សាស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ផ្នែកស្ថាបត្យកម្ម ផ្នែកការរៀបចំក្រុង និងការអភិរក្ស អភិវឌ្ឍន៍។ ពិព័រណ៌នេះ ក៏ជាការដាស់សតិអារម្មណ៍ និងសុំឲ្យប្អូនៗសិស្សានុសិស្ស និស្សិត ប្រឹងប្រែងរៀនសូត្រ និងត្រូវចាប់អារម្មណ៍ទៅលើវិស័យបេតិកភណ្ឌ ហើយវិស័យបេតិកភណ្ឌវប្បធម៌នេះហើយ ដែលជួយជំរុញឲ្យការសិក្សារបស់យើងកាន់តែភ្លឺស្វាង និងជាផ្នែកមួយជំរុញដល់ការអភិរក្ស និងអភិវឌ្ឍន៍ និងជាគោលនយោបាយមួយរបស់សង្គមជាតិ ដើម្បីទាក់ទាញឲ្យមានការលូតលាស់ផ្នែកទេសចរណ៍វប្បធម៌៕ អត្ថបទ៖ រដ្ឋា






