ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ឲ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវកាត់ឆ្វៀលដីជូនពលរដ្ឋនៅតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ឱ្យចប់រួចរាល់ត្រឹមចុងខែឧសភា ឆ្នាំ២០២៣ ខណៈគិតត្រឹមដំណាច់ខែវិច្ឆិកាកន្លងមកនេះ ក្រសួងរៀបចំដែនដី បានកាត់ឆ្វៀលជាង២ម៉ឺនហិកតា សម្រាប់ចែកជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារ ដើម្បីអាស្រ័យផល ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ ខែធ្នម្សិលមិញ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជំរុញទៅក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយជូនប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរមកហើយ ។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការងារនេះ មិនត្រូវអូសបន្លាយតទៅទៀតនោះទេ ហើយអាជ្ញាធរ ខេត្តពាក់ព័ន្ធ ត្រូវចូលរួមធ្វើការងារនេះ ។
របាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ នៃក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា លទ្ធផលការអនុវត្តវិធានការទប់ស្កាត់ការ ទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកតំបន់ទន្លេសាប មានខេត្តកំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាល បានសម្រេចកែសម្រួលព្រំប្រទល់តំបន់៣ និងតំបន់២ ដោយផ្ទៃដីបឹងទន្លេសាប សរុបទំហំជាង២ម៉ឺន ៤ពាន់ហិកតា ផ្ដល់ដល់ពលរដ្ឋជាង ១ម៉ឺន៥ពាន់គ្រួសារ ។
របាយការណ៍ បានបញ្ជាក់ថា ផ្ទៃដីទំហំជាង១ម៉ឺន ១ពាន់ហិកតា ផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ចំនួនជាង ១ម៉ឺន២ពាន់គ្រួសារ និងផ្ទៃដីជាង១ម៉ឺន៣ពាន់ហិកតា និងផ្ដល់ជាសិទ្ធិកាន់កាប់ និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន ៥៣០៨គ្រួសារ ៕អត្ថបទ៖ បាន សុខរិទ្ធិ
