អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា ឆ្នាំ២០២៣ នឹងជាឆ្នាំដ៏សំខាន់សម្រាប់អ៊ុយក្រែន។ នៅក្នុងសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអង្គារលោក Zelenskyy និយាយថា លោកបានជួបជាមួយមេបញ្ជាការ ហើយមានប្រធានបទច្បាស់លាស់គឺពិភាក្សាអំពីទីក្រុង Bakhmut, Kreminna និង Donbas។
បន្ទាប់ពីនិយាយផ្តោតលើសមរភូមិភាគខាងកើត លោកបានបញ្ជាក់ថា កម្លាំងការពារ និងសន្តិសុខកំពុងត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ។ លោកបាននិយាយជាមួយប្រធានក្រុមហ៊ុន BlackRock ជាក្រុមហ៊ុនមូលនិធិវិនិយោគដ៏ធំបំផុតរបស់ពិភពលោក អំពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ លោកZelenskyy និយាយថា រដ្ឋាភិបាលកំពុងត្រៀមរៀបចំចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅខែមករាក្នុងទីក្រុង Davos ប្រទេសស្វីស។
លោក Zelenskyy បញ្ជាក់ថា ប្រជាជនអ៊ុយក្រែនត្រូវតែមានការយល់ដឹង រួមអំពីគោលដៅរបស់ប្រទេសនៅពេលពួកគេឈានចូលឆ្នាំថ្មី។ លោកនិយាយថា លោកនឹងបង្ហាញទស្សនៈរបស់លោកក្នុងពេលឆាប់ៗនេះ នៅក្នុងសភាស្តីពីការអនុវត្តគោលដៅទាំងនេះ រួមទាំងការរំដោះទឹកដីអ៊ុយក្រែនពីសត្រូវ និងការកសាងប្រទេសឡើងវិញ៕
អត្ថបទ៖ ប៊ុនថន