ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២២ មានចំនួនជាង ៣ពាន់គម្រោង ដែលតួលេខនេះ បង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ច ពីវិបត្តិកូវីដ១៩។
ក្នុងរបាយការណ៍បូកសរុបនៃការអនុវត្តការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៣ ៨២៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបជាង ៦,៥លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ២ ៦៣៤ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន ៣ ៩២៥ គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៥ ២១០ លានដុល្លារអាមេរិក ថយចុះជាង ៤៩ ភាគរយ។
គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មានចំនួន ១២៨ គម្រោង ស្មើនឹង ១៤២អគារ (នៅរាជធានីភ្នំពេញចំនួន ៨៦គម្រោង ស្មើនឹង ៩៣ អគារ, ខេត្តព្រះសីហនុចំនួន ១៤ គម្រោង ស្មើនឹង ១៦អគារ និងខេត្តបន្ទាយមានជ័យចំនួន ១៣គម្រោង ស្មើនឹង ១៥អគារ។
ចំណែកសំណង់លំនៅឋាន មានចំនួន ៤ ៣២១ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ១ ៤១២ លានដុល្លារ ក្នុងនោះបុរីលំនៅឋាន និងបណ្តំលំនៅឋានមានលក្ខណះជាបុរី មានចំនួន ៣៥គម្រោង ស្មើនឹង ៩ ៩១២ខ្នង មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៨២០ លានដុល្លារ, អគារផ្ទះល្វែង មាន ៦ ៦០៩ ល្វែង មានទុនវិនិយោគជាង ៥៥៤ លានដុល្លារ, និងអគារស្នាក់នៅរួមមានចំនួន ៥១គម្រោង មានទុនវិនិយោគជាង ២២២ លានដុល្លារ។
ដោយឡែកសំណង់សណ្ឋាគារក្នុងឆ្នាំ ២០២២ នេះដែរ កម្ពុជាទទួលបាន ចំនួន ២០ គម្រោង មានទុនវិនិយោគប្រមាណជាង ៧១ លានដុល្លារ, សំណង់អគារពាណិជ្ជកម្ម មានចំនួន ១៨៥គម្រោង មានទុនវិនិយោគជាង ៤៣៦ លានដុល្លារ, សំណង់អគាររោងចក្រ មានចំនួន ១១៧គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៥៣៣ លានដុល្លារ, និងសំណង់អគារពហុមុខងារ មានចំនួន ៧គម្រោងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ១៤៩ លានដុល្លារ៕អត្ថបទ៖ សុន រ៉ាឌី