រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារបានឆ្លើយតបនូវការទន្ទឹងរង់ចាំជាយូរមកហើយរបស់រុស្ស៊ី ចំពោះការទប់តម្លៃប្រេងរបស់ប្រទេសលោកខាងលិច ដោយបានចុះហត្ថលេខាលើក្រឹត្យដាក់បម្រាមលើការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេងចាប់ពីថ្ងៃទី១ ខែកុម្ភៈ សម្រាប់រយៈពេល ៥ខែចំពោះប្រទេសដែលបានដាក់ការទប់តម្លៃប្រេងរុស្ស៊ី។

ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ទាំងប្រាំពីរ សហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលីបានព្រមព្រៀងគ្នាក្នុងខែនេះដាក់ការទប់តម្លៃប្រេងរុស្ស៊ីនៅត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែលលើតម្លៃប្រេងឆៅពីសមុទ្ររុស្ស៊ី ដែលចូលជាធរមានចាប់ពីថ្ងៃទី៥ ខែធ្នូជុំវិញ «ប្រតិបត្តិការសឹកពិសេស» របស់ទីក្រុងមូស្គូនៅប្រទេសអ៊ុយក្រែន។ ក្រឹត្យនេះត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង ដែលត្រូវបានបង្ហាញជាការឆ្លើយតបដោយផ្ទាល់ចំពោះសកម្មភាពអមិត្ត និងផ្ទុយពីច្បាប់អន្តរជាតិធ្វើឡើងដោយសហរដ្ឋអាមេរិក រដ្ឋបរទេស និងអង្គការអន្តរជាតិដែលបានចូលរួម។
ការបញ្ជូនប្រេង និងផលិតផលប្រេងរបស់រុស្ស៊ីទៅកាន់អង្គភាព និងបុគ្គលបរទេសត្រូវបានហាមឃាត់ក្នុងលក្ខខណ្ឌថា នៅក្នុងកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ទាំងនេះ ការប្រើប្រាស់យន្តការកំណត់តម្លៃអតិបរមាគឺត្រូវបានគិតទុកជាមុនដោយផ្ទាល់ ឬដោយប្រយោល។ ការនាំចេញប្រេងឆៅនឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែកាលបរិច្ឆេទសម្រាប់ការហាមឃាត់ផលិតផលប្រេងនឹងត្រូវបានកំណត់ដោយរដ្ឋាភិបាលរុស្ស៊ី ហើយអាចធ្វើឡើងក្រោយពីថ្ងៃទី១ ខែកុម្ភៈ៕
អត្ថបទ៖ ប៊ុនថន