ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ស្នើឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលក្រុមគ្រួសារងាយរងហានិភ័យ នៅសេសសល់នៅតាមមូលដ្ឋាន ដែលមិនទាន់កំណត់អត្តសញ្ញាណ, ជួយសម្របសម្រួល ដើម្បីឱ្យពួកគាត់អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធការដោះស្រាយបញ្ហជូនប្រជាពលរដ្ឋក្រីក្រនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានគិតគូរយ៉ាងខ្លាំង ដើម្បីជួយដល់ប្រជាពលរដ្ឋ, និងការផ្តល់សាច់ប្រាក់ទៅដល់ប្រជាពលរដ្ឋរងនូវហានិភ័យទាំងនោះ ឲ្យទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយសង្គម ក្នុងគោលបំណងជួយរក្សាលំនឹងជីវភាព និងជួយស្តារជីវភាពឡើងវិញ។
ជុំវិញបញ្ហានេះ ឯកឧត្តម បានស្នើឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវពិនិត្យមើលនៅតាមបណ្តាភូមិ-ឃុំនានាបន្ថែម ចំពោះគ្រួសារងាយរងហានិភ័យណាមួយនៅសេសសល់ ដែលមិនទាន់បានកំណត់អត្តសញ្ញាណ ដើម្បីឱ្យពួកគាត់អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធី នៅក្នុងដំណាក់កាលទី២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឲ្យពួកគាត់យកសាច់ប្រាក់ទាំងនោះ ទៅប្រើប្រាស់ និងដោះស្រាយក្នុងជីវភាពរស់នៅ។
ក្នុងជំនួបនេះ, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា តាមការអង្កេតជាទូទៅ ប្រជាពលរដ្ឋបានសម្ដែងនូវការសារទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ឱ្យអនុវត្តកម្មវិធីនេះបានទាន់ពេល ក្នុងការជួយសម្រួលបន្ទុកជីវភាពពីផលប៉ះពាល់អវិជ្ជមានពីសម្ពាធអតិផរណា និងបានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធ នឹងពិនិត្យមើលលទ្ធភាព ក្នងការកំណត់អសញ្ញាណគ្រួសារងាយរងហានិភ័យបន្ថែម នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា៖ ការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ គឺការកំណត់លើប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក (រស់នៅក្បែរបន្ទាត់ភាពក្រីក្រ) និងមានសមាជិកគ្រួសារមានភាពងាយរងគ្រោះ ១ ក្នុងចំណោម ៥ ដូចជា៖ ជនមានពិការភាព, កុមារអាយុក្រោម ២ ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩ ដល់ ៥៩ ឆ្នាំ) ដែលការងារនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ៕