ភ្នំពេញ៖ អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធដារថា ប្រជាពលរដ្ឋដែលទិញទំនិញ ឬ ផលិតផលផ្សេងៗនៅតាមផ្សារ ឬតាមហាងទំនើបៗនានា បានកំពុងចូលរួមចំណែកតាមរយៈការបង់អាករតម្លៃបន្ថែមជូនជាតិ និងបានកំពុងចូលរួមជួយពង្រឹងការប្រកួតប្រជែងស្មើរភាពគ្នា។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ បានថ្លែងឲ្យដឹងថា នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំព្រិត្តិការណ៍ចាប់ឆ្នោតផ្សេងសំណាង ចំពោះប្រជាពលរដ្ឋដែលបានទិញទំនិញនៅតាមទីផ្សារទំនើបនានា ឬ តាមហាងមួយចំនួន ដែលមានបញ្ជរបង់អាករតម្លៃបន្ថែម និងបានថតវិក្ក័យបត្រទាំងនោះ ដាក់ចូលក្នុងកម្មវិធីផ្សងសំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រជាពលរដ្ឋនឹងអាចឈ្នះរង្វាន់ជាច្រើន ដែលអគ្គនាយកដ្ឋានគ្រោងនឹងរៀបចំការចាប់ឆ្នោតនេះក្នុងពេលឆាប់ៗ។
ឯកឧត្តម បន្តថា ចំពោះការរៀបចំឲ្យមានព្រឹត្តិការណ៍ខាងលើនេះ គឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ តាមរយៈការបង់អាករតម្លៃបន្ថែម ដែលប្រការនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយដល់ការប្រមូលចំណូលរបស់ពន្ធដារ ក្នុងការពង្រឹងអភិបាលកិច្ចល្អ។
ចំពោះចំណូលប្រមូលបានពីការបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋនេះ គឺសម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជំរុញឲ្យប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើន។
ឯកឧត្តម គង់ វិបុល បានសង្កត់ធ្ងន់ថា តាមការបង្កើតឆ្នោតផ្សេងសំណាងនេះ គឺជាការពង្រឹងភាពប្រកួតប្រជែង, ការពង្រឹងវប្បធម៌បង់ពន្ធស្មើរភាពគ្នា ជាពិសេសមន្រ្តីអនុវត្តការប្រមូលពន្ធ នឹងអាចដឹងព័ត៌មានលម្អិត ចំពោះការខកខានរបស់ក្រុមហ៊ុន សហគ្រាស មិនទាន់បានចុះបញ្ជីបានត្រឹមត្រូវ ដែលប្រការនេះមន្រ្តីជំនាញរបស់ពន្ធដារ នឹងចុះទៅឲ្យពួកគាត់អនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីបំពេញកាតព្វកិច្ចការបង់អាករតម្លៃបន្ថែមនេះស្របតាមច្បាប់សារពើរពន្ធ។
សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៣ ២០០ លានដុល្លារអាមេរិក កើនឡើងជាប់ ១១៤ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដោយចំនួននេះនឹងកើនឡើងបន្តទៀតក្នុងបំណាច់ឆ្នាំនេះ៕ អត្ថបទ៖ សុន រ៉ាឌី