ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរខួប២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះ ឈ្នះ។
យោងតាមសារសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។
នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕




