ចិន៖ សហរដ្ឋអាមេរិកក្លាយជាប្រទេសចុងក្រោយ ដែលបានកំណត់ឲ្យមានការធ្វើតេស្តរកវីរុស Covid-19 ជាកាតាព្វកិច្ចលើអ្នកដំណើរមកពីប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសបើកព្រំដែនឡើងវិញនៅសប្ដាហ៍ក្រោយ។ វិធានការកាន់តែតឹងរ៉ឹងទាំងនេះក៏ត្រូវបានអនុវត្តន៍ផងដែរនៅក្នុងប្រទេសអ៊ីតាលី ជប៉ុន ម៉ាឡេស៊ី កោះតៃវ៉ាន់ និងប្រទេសឥណ្ឌា។

បន្ទាប់ពីការរឹតត្បិតជិត ៣ឆ្នាំ ប្រទេសចិននឹងអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរកាន់តែងាយស្រួល ចេញពីប្រទេសទៅកាន់បរទេសចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសនេះ កំពុងប្រឈមករណីឆ្លងវីរុស Covid ខ្លាំង ដែលនាំឲ្យមានក្ដីបារម្ភខ្លាំងក្នុងចំណោមប្រទេសមួយចំនួន។ ទោះយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបាននិយាយវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា គួរតែត្រូវបានផ្ដោតលើមូលដ្ឋានវិទ្យាសាស្ត្រ និងបានចោទប្រកាន់ប្រទេស និងសារព័ត៌មានមួយចំនួនពីបទបំប៉ោងស្ថានភាពលើសពីការពិត។ យ៉ាងណាក្ដី រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ខ្លួនពុំមានផែនការណែនាំឲ្យមានការធ្វើតេស្តជាថ្មី ឬតម្រូវការផ្សេងៗក្នុងការចូលមកកាន់ប្រទេសនេះពីអ្នកដំណើរទាំងឡាយនោះទេ៕
អត្ថបទ៖ សុខមាន