បាល់ទាត់៖ ក្លិបហង្សក្រហម Liverpool បានប្រកាសពីការផ្ទេរផ្លូវការខ្សែប្រយុទ្ធហូឡង់ Cody Gakpo ពីក្លិបហូឡង់ PSV Eindhoven ក្នុងតម្លៃ ៣៥លានផោន។

កីឡាករវ័យ ២៣ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំកន្លះនៅទឹកដី Anfield ដែលតម្លៃនៃការផ្ទេរនេះអាចនឹងកើនដល់ ៤៤លានផោនអាស្រ័យលើលក្ខខណ្ឌដែលបានចង។ ការមកដល់របស់ Cody Gakpo នឹងជួយប៉ះប៉ូវតំបន់ប្រយុទ្ធរបស់ Liverpool ដែលបានបាត់បង់កីឡាករពីរនាក់ដោយសាររបួសរួមមាន Luiz Diaz និង Diogo Jota ដែលនឹងត្រូវសម្រាកយ៉ាងហោចណាស់ដល់ខែមីនា។ កីឡាករវ័យ ២៣ឆ្នាំរូបនេះមានទំរង់លេងគួរឱ្យកត់សំគាល់នៅ World Cup កាតាកន្លងមកជាមួយក្រុមជម្រើសជាតិហូឡង់ ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់នាំក្រុមហូឡង់ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។
សូមបញ្ជាក់ថា Cody Gakpo មុន World Cup បានស៊ុតបញ្ចូលទី ៨គ្រាប់ ១២បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ១៤ប្រកួតឱ្យ PSV រដូវកាលនេះ។ ជាមួយគ្នានោះដែរ Gakpo ក៏បានស៊ុតបញ្ចូលទី ៣គ្រាប់ ២បាល់បញ្ជូនផងដែរក្នុងការបង្ហាញខ្លួន ៥លើកនៅក្របខណ្ឌ UEFA Europa League៕
អត្ថបទ៖នាង សុភាវុធ