ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ជាខួបទី ២៤ឆ្នាំ នៃការអនុវត្តជោគជ័យនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលយុវជន មើលឃើញ នយោបាយឈ្នះ ឈ្នះ នឹងបន្តនាំមកនូវសន្តិភាព និងការរីកចម្រើន ។
ថ្ងៃទី២៩ ខែធ្នូ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាទិវានយោបាយឈ្នះ ឈ្នះ។ រយៈពេល ២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ២៩ ធ្នូ ១៩៩៨ មកទល់នាពេលបច្ចុប្បន្ននេះ យុវជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានរស់នៅដោយភាពសុខសាន្ត រស់នៅដោយភាពភ័យខ្លាច ទទួលបានសិទ្ធិ និងរស់មើលឃើញពីការរីកចម្រើនរបស់ប្រទេសជាតិជាបន្តបន្ទាប់។
ជាយុវជន ទទួលបានផ្លែការពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយនយោបាយឈ្នះ ឈ្នះ ពួកគេមានភាពជឿជាក់ពីដំណើរប្រព្រឹត្តិទៅប្រកបដោយភាពវិជ្ជមានរបស់កម្ពុជា។ ភាពវិជ្ជមានដែលពួកគេសំដៅនេះ គឺជាការរស់ដោយសុខសាន្តទាំងផ្លូវកាយ ផ្លូវចិត្ត ពុំមានការព្រួយបារម្ភ។
ម្យ៉ាងវិញទៀត ពួកគេជឿជាក់ថា ការរស់ក្នុងសង្គមសន្តិភាព និងការរស់នៅដោយមានសាមគ្គីភាព ពុំមានការបែកបាក់ផ្ទៃក្នុងដូចសព្វថ្ងៃ គឺនឹងនាំកម្ពុជាឆ្ពោះទៅបន្តការរីកចម្រើន។
គួររម្លឹកថា កម្ពុជាទោះបីមានថ្ងៃជ័យជំនះ ៧មករា ឆ្នាំ ១៩៧៩ ជាថ្ងៃផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កម្ពុជានៅតែបន្តមានការប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរនៅឡើយ។
សង្គ្រាមខ្មែរ និងខ្មែរគ្រប់ភាគី បានបញ្ចប់ទាំងស្រុង ក្នុងឆ្នាំ ១៩៩៨ ក្រោមការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា។
រាជរដ្ឋាភិបាល បានកសាងវិមាន ឈ្នះ ឈ្នះ ដោយមានការតម្កល់ទុកនូវនិមិត្តរូប វត្ថុតាង ដែលបង្ហាញពីដំណើរការតស៊ូសង្គ្រោះប្រទេសជាតិ ព្រមទាំងសមិទ្ធផលនៃការកសាង និងការពារមាតុភូមិទុកជាការចងចាំ និងជាមេរៀន៕ អត្ថបទ៖ គឹមហុក
