បាល់ទាត់៖ ខ្សែការពារ Chelsea, Reece James នឹងត្រូវអវត្តមានពីការប្រកួតយ៉ាងហោចណាស់ ៤សប្តាហ៍ដោយសាររបួសជង្គង់ អំឡុងការប្រកួតកាលពីថ្ងៃអង្គារពេល Chelsea យកឈ្នះ Bournemouth ២-០។

ខ្សែការពារអង់គ្លេសដែលខកខានមិនបានជួយក្រុមជម្រើសជាតិនៅ World Cup រូបនេះបានរងរបួសជង្គង់ដដែល និងត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី៥៣។ នេះជាប្រកួតដំបូងដែល Reece James ចូលលេងបន្ទាប់ពីអវត្តមានច្រើនសប្តាហ៍មកហើយដោយសាររបួសជង្គង់ដូចគ្នានេះ។ James បានបង្ហោះសារនៅលើគណនី Twitter របស់ខ្លួនថា ឆ្នាំ២០២២ ជាឆ្នាំដ៏តានតឹងសំរាប់គេ។
អ្នកចាត់ការ Chelsea, Graham Potter និយាយថា លោកសង្ឃឹមថារបួសនេះនឹងមិនធ្ងន់ធ្ងរជាងនេះ និងឆាប់បានជាសះស្បើយត្រលប់មកជួយក្រុមវិញ។ ខែមករាខាងមុខនេះ Chelsea មានការប្រកួតសរុប ៦ប្រកួតដោយចាប់ពីថ្ងៃទី១ ខែមករាតទៅធ្វើដំណើរទៅទឹកដី Nottingham Forest មុនត្រលប់មកទទួល Manchester City វិញនៅថ្ងៃទី៦៕
អត្ថបទ៖នាង សុភាវុធ