ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត នៅថ្ងៃទី២៩ ខែធ្នូនេះ បន្តទៅទីតាំងប្រមូលផលនេសាទ ស្ថិតនៅគីឡូម៉ែត្រលេខ៩ ដើម្បីទិញត្រីធ្វើប្រហុក ផ្អក ទុកបរិភោគនៅឆ្នាំក្រោយ។
ក្នុងពេលមកទិញនោះ ប្រជាពលរដ្ឋបានប្រាប់BTVឲ្យដឹងថា ការធ្វើប្រហុក ផ្អក ដោយផ្ទាល់ដៃគឺធានាសុវត្ថិភាព អនាម័យ និងគុណភាព ហើយប្រហុក ផ្អក ដែលធ្វើនេះ ទុកខ្លះសម្រាប់ហូប និងខ្លះទៀតសម្រាប់លក់។ លើសពីនេះ ពួកគាត់បានបន្តថា តាមការសង្កេតត្រីនៅឆ្នាំនេះសំបូរជាងឆ្នាំមុនបន្តិច ហើយតម្លៃវិញ ១គីឡូ ចន្លោះពី២ពាន់រៀល ទៅ៣ពាន់រៀល អាស្រ័យទៅលើការចចាររវាងអ្នកទិញ និងអ្នកលក់។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅពេលថ្មីៗនេះ បានលើកឡើងថា តាមការសង្កេតត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ខែមករា ឆ្នាំ២០២៣ ក្នុងរណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឫមិនទទួលរងឥទ្ឋិពលព្យុះភ្លៀង។
ជាមួយគ្នានេះ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឫទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងខាងលើ៕អត្ថបទ៖ទូច សោភ័ណ






