ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មានសុទិដ្ឋិនិយមថា វិស័យកាត់ដេរ នៅតែមានសក្តានុពល និងមានភាពធន់ បន្តដើរតួនាទីសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ប៉ុន្តែវិស័យនេះ អាចប្រឈមនឹងការប្រកួតប្រជែងនៅពេលខាងមុខ ដែលទាមទារឲ្យមានការគាំទ្រ និងសម្របសម្រួលខ្ពស់ពីរាជរដ្ឋាភិបាល ។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងកាលពីថ្ងៃទី២៩ ខែធ្នូនេះថា នៅក្នុងវិបត្តិកូវីដ-១៩ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ពោលគឺវិស័យនេះធន់និងវិបត្តិដែលកំពុងកើតឡើង និងបានបង្កើតនូវប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសជួយដល់កម្មករកម្មារិនីមិនឲ្យបាត់បង់ការងារ ទោះបីនៅក្នុងវិបត្តិនោះមានផលប៉ះពាល់ខ្លះៗក៏ដោយ។
ឯកឧត្តមបណ្ឌិត បន្តថា អ្វីដែលជាការប្រឈមទៅពេលខាងមុខ គឺកម្ពុជា អាចនឹងជួបលើបញ្ហាប្រកួតប្រជែង ដែលកត្តាទាំងនេះទាមទារឲ្យមានការគាំទ្រ សម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាស្ថិរភាពក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់កម្ពុជា។
ចំណែកលោកឧកញ៉ា ណំាង សុធី អនុប្រធានសហព័ន្ធនិយោជកកម្ពុជា លើកឡើងថា ជុំវិញការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ការបូប ក៏ដូចជាស្បែកជើង ក្នុងពេលបច្ចុប្បន្ននេះមានស្ថិរភាពល្អជាធម្មតា ក្នុងនោះកំលាំងពលកម្មបម្រើក្នុងវិស័យនេះក៏នៅរក្សាល្អប្រសើរក្នុងរង្វង់ប្រមាណ ១,៥លាននាក់ ដោយបានបង្កើតប្រាក់ចំណូលគិតជាមធ្យមក្នុងមួយខែៗ ប្រមាណជិត ៣០០ លានដុល្លារអាមេរិក បានចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ ។
ចំណែកទៅពេលខាងមុខលោកឧកញ៉ា មើលឃើញថា វិស័យនេះមិនមានបញ្ហាប៉ះពាល់ជាដុំកំភួននោះឡើយ ព្រោះការកើនឡើង ឬថយចុះ គឺវាអាស្រ័យទៅលើអ្នកបញ្ជាទិញ ហើយក្នុងនោះសម្រាប់ទីផ្សារបញ្ជាទិញនាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន មិនមែនមានតែកម្ពុជានោះឡើយ ហើយទៅពេលខាងមុខ ការបញ្ជាទិញនេះក៏មិនមានលក្ខណៈខុសគ្នាក្នុងពេលបច្ចុប្បន្ននេះដែរ។យោងតាមរបាយការណ៍ អគ្គនាកយដ្ឋានគយ និងរដ្ឋាកកម្ពុជា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានចំនួនជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២ ០១៥ លានដុល្លារអាមេរិក ស្មើជាង ២៤% នៃការនាំចេញផលិតផលសរុប៕អត្ថបទ៖ សុន រ៉ាឌី