ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាចំនួនជាង ២ ៦០០តោន បាននាំចេញ និងទៅដល់ប្រទេសចិនហើយ នៅថ្ងៃទី១២ ខែធ្នូ ទទួលបានការគាំទ្រពីប្រជាជនចិនជាច្រើនផងដែរ។
នៅក្នុងកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា លើវិស័យសំខាន់ៗនៃកសិកម្មកម្ពុជា ដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។
ក្នុងឱកាសនោះ ឯកឧត្តម បានរម្លឹកជូនថា កាលពីខែតុលាកន្លងទៅនេះ កម្ពុជា និងស្ថានទូតចិន បានប្រារព្ធធ្វើពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារសម្រាប់ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន ហើយនៅថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ផ្លែមៀនបានចូលទៅនៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិន។
ការសម្រេចបានលទ្ធផលនៃការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិននេះ កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ ទើបរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន បានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន៧៤ និងក្រុមហ៊ុនវេចខ្ចប់ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
ឯកឧត្តម លើកឡើងថា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។
សូមជម្រាបជូនទៀតថា ផ្លែមៀនស្រស់របស់កម្ពុជា គឺជាកសិផលប្រភេទទី៣ ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោតនៅឆ្នាំ២០២២នេះ ហើយក៏ជាផ្លែឈើប្រភេទទី៣ដែរ ដែលត្រូវបានអនុម័តនាមចេញរបស់កម្ពុជាទៅប្រទេសចិន៕អត្ថបទ៖ ឈិត បូរ៉ាវី