ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូជារៀងរាល់ឆ្នាំ ដើម្បីជួបជុំមហាជនប្រារព្ធពិធីចងចាំសន្តិភាព អរគុណសន្តិភាព និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
សម្រាប់ថ្ងៃជាប្រវត្តិសាស្ត្រនេះដែរ បណ្តាអ្នកធ្វើការដើម្បីសន្តិភាព និងបណ្តាពលរដ្ឋ ចាត់ទុកដូចគ្នាថា ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបិទបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ហើយកម្ពុជា បានចាប់ផ្តើមមានពន្លឺសុខសន្តិភាព និងការរីកចំរើនរហូតមកដល់បច្ចុប្បន្ន។
លោកស្រី ហូ សុជីវណ្ណនី ប្រធានគណៈកម្មាធិការនារី ដើម្បីសន្តិភាពនៅកម្ពុជា ក៏ដូចបណ្តាពលរដ្ឋផ្សេងៗទៀត បានថ្លែងប្រាប់BTV ថា ២៩-ធ្នូ-១៩៩៨ គឺជាថ្ងៃដែលកម្ពុជាចាប់ផ្តើមមានសុខសន្តិភាព ក្រោយការអនុវត្តយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហើយក៏ជាថ្ងៃ នៃការធ្វើសមាហរណកម្មកងកម្លាំងឧទ្ទាមខ្មែរក្រហម ចុះចូលជាមួយរាជរដ្ឋាភិបាល ហើយសង្រ្គាមបានបិទបញ្ចប់ទាំងស្រុង នាំមកនាំសុខសន្តិភាពពេញលេញ គ្របដណ្តប់ទូទាំងប្រទេស។
ពាក់ព័ន្ធ មេដឹកនាំឧទ្ទាមខ្មែរក្រហម ចុះចូលជាមួយរាជរដ្ឋាភិបាលនោះ កន្លងមកសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានពន្យល់ពីមូលហេតុដែលនាំយកមេដឹកនាំខ្មែរក្រហមទៅជួបដោយផ្ទាល់នៅផ្ទះរបស់សម្តេចផងដែរ។ ការជួបនាពេលនោះ គឺមានបំណងចង់ផ្ញើសារចំនួន៣ ទៅកាន់កងទ័ពខ្មែរក្រហម ប្រជាជន និងសហគមន៍អន្តរជាតិ។
សម្រាប់សារទី១ គឺផ្ញើរជូនកងកម្លាំងខ្មែរក្រហម ឲ្យបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំចុះចូលហើយ, សារទី២ ជូនប្រជាពលរដ្ឋខ្មែរថា សង្គ្រាមបានបិទបញ្ចប់ទាំងស្រុងហើយ ព្រោះប្រជាជនរង់ចាំនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងសារទី៣ គឺជាសារជូនទៅសហគមន៍អន្តរជាតិ ឲ្យមកវិនិយោគ ឬធ្វើទេសចរណ៍ ព្រោះកម្ពុជាគ្មានសង្គ្រាមទៀតទេ គឺមានតែសុខសន្តិភាពពេញលេញ ទូទាំងផ្ទៃប្រទេស៕ អត្ថបទ ស៊ុម សុខជា