ហុងកុង៖ អាជ្ញាធរសន្តិសុខស្បៀងទីក្រុងបានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងហុងកុងបានផ្អាកការនាំចូលសាច់បក្សី និងផលិតផលពីតំបន់មួយចំនួនមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង និងប្រទេសប៉ូឡូញ ដោយសារហានិភ័យនៃជំងឺផ្តាសាយបក្សី។

មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ (CFS) នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានបានប្រកាសថា ដោយមើលឃើញពីការជូនដំណឹងរបស់អង្គការសុខភាពសត្វពិភពលោក (WOAH) និងមន្ទីរបសុពេទ្យទូទៅរបស់ប្រទេសប៉ូឡូញអំពីការផ្ទុះឡើងជំងឺផ្តាសាយបក្សី H5N1 ដែលអាចបង្កជំងឺខ្លាំងនៅក្នុងតំបន់ជាក់លាក់មួយចំនួននៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង និងប៉ូឡូញ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ (CFS) បានណែនាំឱ្យផ្អាកការនាំចូលសាច់ និងផលិតផលបក្សី រួមទាំងស៊ុតបក្សីពីតំបន់ពាក់ព័ន្ធជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅទីក្រុងហុងកុង។
អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ (CFS) និយាយថា យោងតាមនាយកដ្ឋានជំរឿន និងស្ថិតិទីក្រុងហុងកុងបាននាំចូលសាច់បក្សីក្លាស្សេ និងកករាប់សិបតោន និងស៊ុតបក្សីរាប់លានគ្រាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង និងពីប្រទេសប៉ូឡូញក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ (CFS) បានទាក់ទងជាមួយអាជ្ញាធរអាមេរិក អង់គ្លេស កាណាដា បារាំង និងប៉ូឡូញជុំវិញបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មាន ដែលចេញដោយអង្គការសុខភាពសត្វពិភពលោក និងអាជ្ញាធរពាក់ព័ន្ធអំពីការផ្ទុះឡើងជំងឺផ្តាសាយបក្សី៕
អត្ថបទ៖ ប៊ុនថន